
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងពិធីចុះហត្ថលេខារវាងរដ្ឋាភិបាលនិងប្រធានមជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្ឃឹមថាសហភាពអឺរ៉ុប នៅតែគោរពទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយមិនដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្សារភ្ជាប់រឿងនយោបាយឡើយ។ លោកថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ដោយគោរពឯករាជ្យភាព និងអធិបតេយ្យភាពប្រទេសដទៃ ហើយប្រទេសដទៃក៏ត្រូវគោរពកម្ពុជាវិញដែរ។
ក្នុងន័យនេះលោក ជុំ សុន្ទរី ចង់សំដៅលើក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលបានព្រមានចាត់វិធានការជាក់លាក់លើកម្ពុជា ដោយផ្សារភ្ជាប់បញ្ហានយោបាយ និងសិទ្ធិមនុស្ស។ លោក សង្ឃឹមថា សហភាពអឺរ៉ុប នឹងគោរពទំនាក់ទំនងរវាងកម្ពុជា-សហភាពអឺរ៉ុប មុននឹងមានការសម្រេចចិត្តធ្វើអ្វីមួយមកលើកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖ នយោបាយការបរទេសរបស់កម្ពុជា គឺយើងរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងអស់នៅលើសកលលោក រួមទាំងសហភាពអឺរ៉ុបផង ត្រូវគោរពគ្នាទៅវិញទៅមក មានផលប្រយោជន៍ទៅវិញទៅមក នេះជាគោលការណ៍គ្រឹះនៃនយោបាយការបរទេសរបស់កម្ពុជា។ ហើយកម្ពុជានឹងបន្តរក្សាទំនាក់ទំនងជាមួយសហភាពអឺរ៉ុបមូលដ្ឋាននេះ ហើយយើងសង្ឃឹមថា សហភាពអឺរ៉ុបក៏នឹងធ្វើដូចកម្ពុជាដែរ លោកសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបមិនមានវិធានការអ្វីមកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាឡើយ ព្រោះស្ថានការណ៍កម្ពុជាមិនទាន់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរដែលត្រូវទទួលរងសម្ពាធទេ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាសហភាពអឺរ៉ុប ព្រមានចាត់វិធានការជាក់លាក់មកលើកម្ពុជា បើសិនជាស្ថានការណ៍នយោបាយកម្ពុជា មិនវិលទៅរកភាពប្រក្រតីវិញ។
ចំណែកឯ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានសរសេរនៅលើបណ្ដាញសង្គមTelegram ថា៖ ការអនុវត្តច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា គឺជាសិទ្ធិ និងភារកិច្ចរបស់រាជរដ្ឋាភិបាលនៃគណបក្សឈ្នះឆ្នោតនៅកម្ពុជា ប្រកបដោយឯករាជ្យភាព និងមានអធិបតេយ្យរបស់កម្ពុជា ។ ការទាមទាររបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបកុំឲ្យយកប្រព័ន្ធយុត្តិធម៌មកប្រើក៏មិនអាចទៅរួចដែរ កម្ពុជាមិនបោះបង់ចោលការដោះស្រាយតាមផ្លូវច្បាប់ចំពោះជនល្មើសច្បាប់បានជាដាច់ខាត ។ កម្ពុជាមិនយកតាមគំរូតាម ហ៊ីត្លែរ និងប៉ុល ពត មកដោះស្រាយបញ្ហាឡើយ ។ លោកបន្ថែមថា ការសម្រេចយ៉ាងណារបស់ក្រុមប្រឹក្សាសហគមន៏អឺរ៉ុបនោះ គឺជាសិទ្ធិរបស់ពួកគេ តែមិនអាចមានឥទ្ធិពលអ្វីមកលើឯករាជ្យ និងអធិបតេយ្យភាព ព្រមទាំងសិទ្ធិសម្រេចរបស់កម្ពុជាបានឡើយ។