Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីស្នាក់ការរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលមានដី និងអគារស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចរឹបអូសបណ្ដោះអាសន្ន ដើម្បីយកទៅសងបំណុលជំងឺចិត្តដល់ម្ចាស់បំណុលក្នុងសំណុំរឿងប្តឹងដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន។ ការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុល សម រង្ស៊ី នេះ ធ្វើឡើងតាមសំណើសុំដីកាការពារ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ម្ចាស់បំណុល។

ដោយសំអាងលើពាក្យសុំដីកាការពាររបស់តំណាងម្ចាស់បំណុល លើសំណុំរឿងប្ដឹងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សរុបចំនួន៨ចំណុច លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការឹបអូសបណ្ដោះអាសន្ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ រឹបអូសដី និងអគារ ដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដោយលោក សម រង្ស៊ី។ នេះបើយោងដីកាដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងដីការសម្រេចនេះ លោក រស់ ពិសិដ្ឋ បានសម្រេចឲ្យរឹបអូស ៖

១/ រឹបអូសបណ្ដោះអាសន្ន នូវទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ជាចលនវត្ថុ(ដី និងអគារ) ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ចលនវត្ថុលេខ ភព ០៩៧២៥ ចុះថ្ងៃទិ១៥ ខែសីហា ឆ្នាំ២០០៧ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំតុលាការសម្រេចដល់សំណុំរឿងអង្គសេចក្ដីចប់ជាស្ថាពរ។

២/ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តន៍ការរឹបអូសជាបណ្ដោះអាសន្ននេះ កូនបំណុលឈ្មោះ សម រង្ស៊ី ត្រូវផ្ញើប្រាក់តម្កល់នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤.២៥០,០០០,០០០(បួនពាន់ពីររយហាសិបលាន)រៀល ជាប្រាក់រំដោះ។

និង៣/ ប្រាក់ប្រដាប់ក្ដីជាបន្ទុករបស់កូនបំណុល។

គួរជម្រាបថា បច្ចុប្បន្នលោក សម រង្ស៊ី អតីតប្រធាន CNRP កំពុងមានបណ្ដឹងនៅក្នុងដៃតុលាការកម្ពុជា ជាច្រើន ក្នុងនោះ មានបណ្ដឹងចំនួនពីរ ពាក់ព័ន្ធជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហេង សំរិន។ លើសំណុំរឿងទាំងពីរនេះ តុលាការបានសម្រេចឲ្យលោក សម រង្ស៊ី សងជំងឺចិត្តដល់សម្ដេច ហ៊ុន សែន ចំនួន៤,០០០,០០០,០០០(បួនពាន់លាន)រៀល ស្មើនឹង១លានដុល្លារ និងសម្ដេច ហេង សំរិន ចំនួន២៥០,០០០,០០០(ពីររយហាសិបលាន)រៀល សរុបទាំងអស់ចំនួន៤,២៥០,០០០,០០០(បួនពាន់ពីររយហាសិបលាន)រៀល។

យ៉ាងណា លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងទៅនៅក្រៅប្រទេសនោះ រហូតមកទល់រសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមិនទាន់មានប្រតិកម្មចំពោះការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួននោះទេ។ ប៉ុន្តែចំពោះការសម្រេចរបស់តុលាការ នាពេលកន្លងមក ត្រូវបានលោកច្រានចោល ដោយយល់ឃើញថា បណ្ដឹងតាមផ្លូវតុលាការលើរូបលោកទាំងអស់ជារឿងនយោបាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor