
ភ្នំពេញៈ ក្រោយពីសែនព្រេន និងរួមរស់នៅជាមួយតារាកំប្លែង កៃដ មួយរយៈពេលនេះតារាកំប្លែង ខ្ញុង មានផ្ទៃពោះប្រមាណជា៤ខែហើយ។ ជាមួយអារម្មណ៍សប្បាយរីករាយ ខ្ញុង រំពឹងថា កូនក្នុងផ្ទៃជាកូនស្រី។
តារាកំប្លែងមេម៉ាយកូន១អ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង បានសារភាពព្រមទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដពិតមែន ហើយថែមទាំងបានសែនព្រេនជាមួយគ្នា នៅមុខចាស់ទុំទាំងសងខាង និងកំពុងតែរស់នៅជាប្ដីប្រពន្ធហើយដែរ។

ក្រោយពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង និងនាយពាក់មី អស់រយៈពេលជាយូរ ស្រាប់តែលេចធ្លាយរឿងស្នេហារវាង នាងខ្ញុង និងនាយកៃដ ដែលគេស្ទើរតែមិនជឿ។ តែពេលនេះ ភាគីសងខាងហាក់ទទួលស្គាល់ហើយថា វាគឺជារឿងពិតខ្ញុងថ្លែងថា ដំបូងឡើយខ្លួនគិតថា ចង់លាក់បាំងខ្លាចមហាជនដឹងថា មានប្ដីហើយអាចធ្លាក់ប្រជាប្រិយភាព ប៉ុន្តែដោយដំណឹងស្នេហានេះ មហាជនបានដឹងខ្លះហើយ ក៏ព្រមទម្លាយឲ្យអស់សាច់រឿងតែម្ដងទៅ។នាង បានបន្តឲ្យដឹងទៀតថា ពួកគេទាំងពីរបានសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ចំថ្ងៃឡើងផ្ទះតែម្ដង ប៉ុន្តែដំណឹងនេះ ខ្លួនមិនដែលទម្លាយឲ្យមហាជនបានដឹងឡើយ។ អ្នកនាង និងនាយកៃដ ដំបូងឡើយ គឺរាប់អានគ្នាធម្មតាទេ ក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពន្លកស្នេហ៍បានដុះចេញឡើងក្នុងរយៈពេលចុងក្រោយនេះ គឺបន្ទាប់ពីការស្វែងយល់ចិត្តគ្នា និងគិតថា នាងជាស្រ្តីមេម៉ាយ និងនាយកៃដ ពោះម៉ាយស្រាប់ ទើបមិនមានពិធីរៀបការធំដុំ។

នាងរំពឹងទុកថា កៃដជាស្វាមី នឹងមើលថែទាំនាងនិងកូនបានល្អ មិនធ្វើឲ្យនាងខកចិត្តឡើយ ហើយក៏នឹងបំភ្លេចអតីតកាល ដែលមិនល្អទាំងអស់ចោលផងដែរ។
ខ្ញុង ធ្លាប់មានកូនប្រុសម្នាក់ជាមួយស្វាមីដើម ដែលពេលនេះមានវ័យប្រមាណជា១០ឆ្នាំហើយ ។ ទោះជាការពពោះរយាលរយៈពេលច្រើនឆ្នាំក៏ពិតមែន តែ ខ្ញុង នៅតែសប្បាយចិត្តព្រោះក្រោយពីសែនព្រេនជាមួយ នាយកៃដ នាងគិតថា នឹងយកកូនភ្លាមៗ ដែលជាតំណក់ឈាមរបស់អ្នកទាំងពីរ៕






