
តាកែវៈ មន្រ្តីទេសចរណ៍ខេត្តតាកែវ បានអៈអាងថា រមណីយដ្ឋានទឹកធ្លាក់ជ្រោះផ្អោក កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន ដែលបានជួយផ្តល់ប្រភពចំណូលបន្ថែមដល់ប្រជាពលរដ្ឋ ។
លោក សង ឥន្ទ្រី ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា ទឹកធ្លាក់ជ្រោះផ្អោកនេះ ស្ថិតនៅស្រុកគិរីវង្ស ខេត្តតាកែវ ដែលបានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ទាំងថ្ងៃបុណ្យ នឹងថ្ងៃឈប់សម្រាកឬថ្ងៃធម្មតា ក៏មានភ្ញៀវទៅកម្សាន្តជាប់ជាប្រចាំ ដោយសារតំបន់នោះ មានទឹកធ្លាក់ត្រជាក់ ធ្វើឲ្យប្រជាពលរដ្ឋចង់ងូតទឹកលេងកម្សាន្ត ថែមទាំងមានខ្យល់ឱកាសល្អបរិសុទ្ធ និងអាចមើលត្បួងធម្មជាតិ ដែលមាននៅលើទឹកដីនេះផងដែរ។ លោកបន្តថា ខណៈដែលមានភ្ញៀវទៅលេងទឹកជ្រោះផ្អោកដ៏ច្រើន បានធ្វើឲ្យប្រជាពលរដ្ឋ នៅតំបន់នោះមានមុខរបរបន្ថែមដូចជាបម្រើសេវាកម្មទេសចរ លក់ម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ត្បូងធម្មជាតិ ដែលបានធ្វើឲ្យពួកគេជីវភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក បានអះអាងថា មន្ទីរទេសចរណ៍ខេត្ត នឹងពង្រឹងការអប់រំ លើផ្នែកសេវាកម្មចំណីអាហារអនាម័យ តម្លៃ ទៅប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីបម្រើសេវាកម្មភ្ញៀវឲ្យកាន់តែល្អ មកលេងម្តងហើយ ចង់មកម្តងទៀត។
លោកបន្តថា «យើងរៀបចំសណ្តាប់ធ្នាប់ ទៅលើការលក់លើផលិតផល របស់ពួកគាត់ គ្រប់អ្នកលក់ដូរទាំងអស់ ត្រូវចេះថែរក្សាអានាម័យ បរិស្ថានដោយខ្លួនឯង ត្រូវមានកន្ត្រត់ដាក់ ឬក៏មានធុងសំរាម ប៉ុន្តែជាទូទៅខាងមន្ទីរជាអ្នកទិញបំពាក់ឲ្យទេ ដើម្បីឲ្យអ្នកប្រចាំការគាត់ដឹកចេញតាមគោលដៅដែលយើងបានកំណត»។

លោក សុខ ចំរើន ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានធ្លាប់ទៅលេងនៅតំបន់រមណីយដ្ឋានជ្រោះផ្អោប កន្លងមក បានឲ្យដឹងថា ទីនោះពិតជាមានភាពស្រស់ស្អាតទាំងធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងការបម្រើសេវាកម្មបានល្អ ។ យ៉ាងណាក៏ដោយ លោកចង់អាជ្ញាធរខេត្ត ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ទៅកាន់តំបន់នោះបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរផងដែរ។ លោកបន្តថា នៅទូរទាំងខេត្តតាកែវ មានរម្មណីយដ្ឋានទំាងអស់ចំនួន១៤កន្លែង តំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍កែច្នៃ ក្នុងនោះតំបន់ប្រវត្តិសាស្រ្តភ្នំជីសូ តំបន់ប្រវត្តិសាស្រ្តទន្លេរបាទី ភ្នំតាម៉ៅ នឹងតំបន់ទឹកធ្លាក់ជ្រោះផ្អោក មានអ្នកទេសចរទៅលេងច្រើនជាងគេ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេល១ខែ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅកម្សាន្តនៅខេត្តតាកែវ មានចំនួនជាង៤ម៉ឺន៨ពាន់នាក់ គឺមានការកើនឡើងជាង១ម៉ឺន៥ពាន់នាក់ បើប្រៀបធៀបរយៈពេលដូចគា្ន កាលពីឆ្នាំ២០១៧៕





