Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ដូចពាក្យចាស់ប្រាកដមែនថា ភ្លើងមិនអាចខ្ចប់ក្រដាសបាន។ ជាក់ស្ដែង បើតាមសេចក្ដីរាយការណ៍ ដែលទើបបែកធ្លាយបានឲ្យដឹងថា មន្ត្រីនគរបាលទំនើងម្នាក់ បានយកកែវវាយបុរសម្នាក់ ត្រូវចំក្បាលឲ្យហូរឈាមស្រោចមុខ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង ហើយដកកាំភ្លើងពីចង្កេះគំរាមបាញ់សម្លាប់ជនរងគ្រោះ និងប្រជាពលរដ្ឋក្បែរនោះ ធ្វើឲ្យពួកគាត់ភ័យលោះព្រលឹង នាំគ្នារត់គេចខ្លួនបាត់អស់។

តាមសេចក្ដីរាយការណ៍ ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងជាង១០យប់ ស្ថិតនៅវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្ត្រីនគរបាលដៃដល់ ដែលបង្កហិង្សា និងគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋនេះ ត្រូវបានគេស្គាល់ឈ្មោះ មិញ គឿប ហៅ រិទ្ធ មានទីលំនៅភូមវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែក ជនរងគ្រោះឈ្មោះ វរ អាង មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញមន្ត្រីនគរបាល ដែលជាជនដៃដល់ខាងលើ គាស់កំប៉ុងស្រាបៀរយកតែរង្វាន់ ហើយទុកស្រាបៀរចោល។ ពេលឃើញដូច្នេះ រូបគាត់ (ជនរងគ្រោះ) បាននិយាយទៅកាន់មន្រ្តីនគរបាលរូបនោះថា “បងគាស់ស្រាបៀរហើយ អត់ផឹកអ៊ីចឹង?”។ បន្ទាប់មកក៏មានការទាស់ពាក្យសម្តីគ្នា រហូតដល់តឹងសរសៃក។ ខណៈនោះ ជនដៃដល់ខាងលើ បានទាញកែវវាយទៅលើជនរងគ្រោះឲ្យត្រូវចំក្បាលគាត់ បណ្ដាលឲ្យបែកហូរឈាមពេញមុខ ដួលសន្លប់ស្តូកស្តឹងតែម្តង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា មន្ត្រីនគរបាលដៃដល់ខាងលើ បន្ទាប់ពីវាយជនរងគ្រោះបែកក្បាលហើយ ក៏បានដកកាំភ្លើងខ្លីពីចង្កេះមកគំរាមបាញ់សម្លាប់ជនរងគ្រោះ ទាំងដែលជនរងគ្រោះដួលសម្លប់ទៅលើដីហើយនោះ។ មិនតែប៉ុណ្ណោះ ជនដៃដល់រូបនេះ បានគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋថែមទៀត ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ មានការភ័យខ្លាចយ៉ាងខ្លាំង ក៏រត់ចែកផ្លូវគ្នាបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ភ្លាមៗផងដែរ។ បន្តិចក្រោយមក សមត្ថកិច្ចស្រុកសំពៅលូន ក៏បានចុះមកធ្វើការសួរនាំ តែមិនបានឃាត់ខ្លួនជនសង្ស័យនោះទេ។

បច្ចុប្បន្ន ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរ​បាលស្រុកសំពៅលូន រួចរាល់ហើយដែរ។ ដោយឡែក មន្ត្រីនគរបាលទំនើងខាងលើ បានរត់គេចខ្លួនបាត់ស្រមោលរហូតមកទល់ពេលនេះ ហើយកម្លាំងនគរបាលស្រុកសំពៅលូន ក៏ហាក់បណ្ដោយឲ្យសំណុំរឿងនេះ រសាត់តាមខ្យល់ មិនអើពើចំពោះភាពអយុត្តិធម៌លើជនរងគ្រោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor