លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ បានសរសេរក្នុងបណ្តាញហ្វេសប៊ុកថា៖ ខ្ញុំសូមប្រាប់ទៅ ហ៊ុន សែន ថា ៖ "ឈប់ឆ្កួតទៅ ! បើខ្ញុំជាភេរវករមែននោះ មិនមែនឥស្សរជនជាន់ខ្ពស់ នៅសហរដ្ឋអាមេរិក និងនៅទ្វីបអឺរ៉ុប រាប់អានខ្ញុំ និងផ្តល់កម្លាំងចិត្តឲ្យខ្ញុំ ក្នុងការតស៊ូ ទាមទារលទ្ធិប្រជាធិបតេយ្យ ជូនប្រជារាស្ត្រខ្មែរ នោះទេ។
លោក សម រង្ស៊ី បានចោទប្រកាន់ សម្តេច ហ៊ុន សែន ថាជាឃាតករ និងជាមេក្រុមភេរវករ ក្នុងជួរអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ ដែលបានសម្លាប់មនុស្សជាច្រើន (ផែនការក៥ អំពើភេរវកម្ម ថ្ងៃ ៣០ មិនា ១៩៩៧ រដ្ឋប្រហារ ខែកក្កដា ១៩៩៧ -ល-) ដែលគេនឹងអូស ក ទៅកាត់ទោស ចំពោះមុខតុលាការអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខនេះ ជាពុំខាន។
ប្រតិកម្មនេះកើតឡើង ក្រោយពីសម្តេច ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជាក្រុមភេរវករ ហើយ សម្តេច គំរាមប្រើកាំភ្លើងធុនធ្ងន់ BM-21 ដើម្បីកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី ទៀតផង។



