នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេច ហ៊ុន សែន ថ្លែងដោយសម្ដីធ្ងន់និង ខ្លាំងៗថា ប្រសិនបើកើតមានអប្បគមន៍ ឬចលនាខុសច្បាប់ណាមួយហើយនោះ ទោះបីប្រើកាំភ្លើងធុនធ្ងន់ប្រភេទ BM21 ក៏ត្រូវតែប្រើដែរ ដើម្បីកម្ទេចពួកទាំងអស់នោះ មិនឲ្យមាននៅលើប្រទេសកម្ពុជាឡើយ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា អារឿងការស្រែកឡូឡាអីប៉ុន្មានថ្ងៃនេះ សូមកុំសង្ឃឹមខ្ញុំគ្រាន់តែប្រាប់ទៅអ្នកឯង គួរតែកុំបង្ខំឲ្យវៃដេកគោល ទៅលើក្ដារមឈូសរបស់អ្នកឯងថែមទៀត កុំសង្ឃឹមឲ្យសោះបើនៅដៃតុលាការវាជារឿងមួយ តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវៃចូលទៅកន្លែងណុងដែរ មិនអាចឲ្យប្រទេសនេះមានអប្បគមន៍សារជាថ្មីទេ សុំទោស ប្រាប់ឲ្យហើយ [...] ចលនាអីក៏ដោយអញ្ជើញចុះ អញ្ជើញមក ហើយមកខ្លួនឯងគឺល្អបំផុត។
បើទោះបីមិនបញ្ចេញឈ្មោះក៏ដោយ ក៏គេដឹងថា សម្តេចសំដៅទៅលោក សម រង្ស៊ី ដែលកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ លោក សម រង្ស៉ី បានប្រកាសជាផ្លូវការ នៃការបង្កើតចលនាសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក។



