
ភ្នំពេញៈ ប្រភពព័ត៌មានពីសាលាដំបូង បានឲ្យដឹងថា សំណុំរឿងស្ត្រីវ័យក្មេងម្នាក់ ប្ដឹងលោក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានអយ្យការអមសាលាដំបូងចាត់ឲ្យលោកព្រះរាជអាជ្ញារង សៀង សុខ ជាសមត្ថកិច្ចដោះស្រាយ។
ប្រភពដដែល បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ អយ្យការអមសាលាដំបូងមិនទាន់ចេញដីកាកោះហៅដើមបណ្ដឹង និងជនត្រូវគេប្ដឹងមកសាកសួរនៅឡើយទេ ខណៈដែលមានព័ត៌មានបញ្ជាក់មកវិញថា ស្ត្រីវ័យក្មេង ដែលជាដើមបណ្ដឹងនោះ ដកពាក្យឈប់ប្ដឹងលោក ប៊ុន សត្យា វិញ។
ពាក់ព័ន្ធករណីនេះ អ្នកច្បាប់បានបញ្ជាក់ថា បើទោះបីដើមបណ្ដឹងដកពាក្យឈប់ប្ដឹងក៏ដោយ តែបណ្ដឹងអាជ្ញានៅតែមានដដែល ក្នុងកាលៈទសៈដែលព្រះរាជអាជ្ញារកឃើញមានបទល្មើសនោះ នឹងមានការចោទប្រកាន់ ហើយបើកការស៊ើបសួរតាមនីតិវិធីដដែល។
គួររំលឹកថា លោក ប៊ុន សត្យា ហៅទិវាសូន្យមួយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យប្ដឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់ជនសង្ស័យហើយយកម៉ូតូស៊ីដាច់តែម្ដង។
ដើមបណ្ដឹង ដែលប្ដឹងប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌនេះឈ្មោះ ឆាយ ម៉ីជូ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ ៤៣អា ផ្លូវលេខ៥១៦ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមឯកសារពាក្យបណ្ដឹងបានបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧ ឈ្មោះ លី សុវណ្ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦ និងបានដកហូតម៉ូតូមួយគ្រឿងម៉ាក X-RAY ពណ៌ស សេរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1GO 2191 ដែលឈ្មោះ លី សុវណ្ណា បានខ្ចីពីឈ្មោះ ឆាយ ម៉ីជូ ជិះដើរលេងដោយសារម៉ូតូនេះជាកម្មសិទ្ធរបស់ឈ្មោះ ឆាយ ម៉ីជូ មានឯកសារបញ្ជាក់ត្រឹមត្រូវ។
ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ លី សុវណ្ណា និងដកហូតម៉ូតូនោះ ឈ្មោះ ឆាយ ម៉ីជូ បានទាក់ទងសុំជួបលោក ប៊ុន សត្យា ហៅទិវា០១ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ ស្រាប់តែឃើញម៉ូតូរបស់ខ្លួន ត្រូវបានគេប្ដូរស្លាកលេខពីលេខ ភ្នំពេញ 1GO 2191 ទៅជាស្លាកលេខនគរបាល៧១៨១ ទៅវិញ ហើយគាត់ថែមទាំងព្យាយាមមិនចង់ជួបម្ចាស់ម៉ូតូ ដែលទៅសុំយកម៉ូតូវិញទៀតផង។ ពេលនោះម្ចាស់ម៉ូតូបានមកសាកសួរដល់តុលាការ ក៏ត្រូវបានមន្ត្រីតុលាការប្រាប់ថាម៉ូតូនោះមិនត្រូវបានឈ្មោះ ប៊ុន សត្យា បញ្ជូនមកតុលាការទេ។
ពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូបានសុំឲ្យតុលាការផ្ដន្ទាទោសឈ្មោះ ប៊ុន សត្យា តាមច្បាប់និងបានស្នើសុំយកម៉ួតូរបស់ខ្លួនទៅប្រើប្រាស់វិញ និងទាមទារជំងឹចិត្ត២០លានរៀលទៀតផង៕


