
ភ្នំពេញៈ ក្រសួងការពារជាតិ បានបញ្ចប់តួនាទី លោកឧត្តមសេនីយ៍ត្រី នេត សំអាត មានឋានន្តរសក្តិផ្កាយមួយ ក្រោយពីលោកស្រវឹងស្រាយកចានគប់ចំក្បាលក្មេងស្រីជាអ្នកបម្រើក្នុងហាងផឹកស៊ីមួយកន្លែងនៅក្រុងប៉ោយប៉ែត។
បើយោងតាមផេកហ្វេសប៊ុក ផ្លូវការរបស់ លោក ឈុំ សុជាតិ បានចេញផ្សាយកាលពីថ្ងៃទី៧ កុម្ភៈ ២០១៨ ថា ក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចដកហូតតួនាទីលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ខណៈសំណុំរឿងលោកកំពុងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាវិន័យ និងអធិការកិច្ចនៃក្រសួងការពារជាតិ ដើម្បីឈានទៅដាក់ទោសទណ្ឌ និងពិន័យតាមច្បាប់យោធា។
លោក ឈុំ សុជាតិ «និយាយរួមបទបញ្ជារបស់ក្រសួងការពារជាតិ គឺថាត្រូវអនុវត្តទៅដាច់ខាតតាមច្បាប់ទម្លាប់ និងវិន័យរបស់កងទ័ព មិនអនុញ្ញាតឱ្យយោធិនណាមួយប្រព្រឹត្តបទល្មើសចំពោះប្រជាពលរដ្ឋទេ។ យើងមិនគាំទ្រទេ អ្នកណាប្រព្រឹត្តបទល្មើសយើងអនុវត្តតាមច្បាប់»។
ចំពោះទោសទណ្ឌ ដែលជនល្មើសត្រូវទទួល លោក ឈុំ សុជាតិ ពុំទាន់អាចបញ្ជាក់បាននោះទេ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យនៅឡើយ។
តាមរបាយការណ៍ស្នងការនរគបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧យប់ ក្មេងស្រីម្នាក់ជាអ្នកបម្រើការក្នុងភោជនីយដ្ឋានមួយឈ្មោះ «ស្រះត្រជាក់ចិត្តថ្មី» ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបានឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ មកពីក្រសួងការពារជាតិ បានយកចានចង្កឹះគប់នាងចំថ្ងាស បណ្តាលឲ្យបែកចេញឈាមត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្មេងស្រីរងគ្រោះឈ្មោះ ជិន ស្រីនាង អាយុ១៧ឆ្នាំ បានរៀបរាប់ថា នាងបានអង្គុយកំដរភ្ញៀវតុផ្សេងមួយទៀត ក្រៅពីតុលោកឧត្តមសេនីយ៍ផ្កាយមួយ។ លុះដល់ពេលនាងបានចេញពីតុផ្សេងមកអង្គុយកំដរលោកផ្កាយ១វិញ ស្រាប់តែឧត្តមសេនីយ៍រូបនោះយកចានគប់ក្បាលនាងតែម្តង។


