
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ បានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយថាធ្វើឡើងដោយមិនស្របច្បាប់ និងមិនស្របតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។ បុព្វហេតុគឺ អង្គបោះឆ្នោតចំនួន ៥០៦២ រូប (តំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់) មកពីគណបក្សសង្គ្រោះជាតិ ដែលបានជ្រើសរើសដោយឆន្ទៈពលរដ្ឋពិតប្រាកដនោះ ត្រូវបានរបបប ហ៊ុន សែន រំលាយចោល ទាំងបំពានរដ្ឋធម្មនុញ្ញ និងឆក់ប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយរឹបអូសយកអាសនៈទាំងអស់ពី បក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេងៗ តាមតែអំពើចិត្ត។
សេចក្តីថ្លែងការណ៍បន្តថា៖ របបដឹកនាំរបស់លោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ជារដ្ឋសភា និងព្រឹទ្ធសភា ដែលស្របច្បាប់ទៀតឡើយ បើផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ច្បាប់បទដ្ឋានគតិយុត្ត និងឯកសារច្បាប់អន្តរជាតិនានា ក្នុងសង្គមប្រជាធិបតេយ្យ។

ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍៖ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជាសូមរំលឹកដល់ក្រុមប្រទេស ដែលផ្តល់ប្រាក់កម្ចី ធ្វើកិច្ចសន្យាវិនិយោគ និងធ្វើកិច្ចព្រមព្រៀងនានា ដល់ ឬជាមួយរបប ហ៊ុន សែន ថាយើងជាពលរដ្ឋខ្មែរ មិនទទួលខុសត្រូវ ចំពោះការទូទាត់សង និងការធានាលើកិច្ចសន្យាវិនិយោគ ឬកិច្ចព្រមព្រៀងណាមួយឡើយ នៅពេលកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់ ដែលស្របតាមសុឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត។