
ពោធិ៍សាត់ៈ មនុស្ស៥នាក់ បានរងរបួសទាំងអស់ ដោយសារម៉ូតូវេវអាល់ហ្វា២គ្រឿង បើកបុកគ្នាក្នុងទិសដៅបញ្ច្រាស កាលពីវេលាម៉ោង៦៖៤៨នាទីយប់ ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំបំបែកចូលតារាងបាល់ ស្ថិតនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូបង្កម៉ាក ហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-3930 ធ្វើចរាចរពីជើងទៅត្បូង ដោយឌុបគ្នា៣នាក់។ លុះដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានបត់ចូលទៅផ្លូវខាងស្តាំដៃរបស់ភាគីម្ខាងទៀតម៉ាក ហុងដា វេវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CG-5316 ដែលកំពុងធ្វើចរាចរច្រាសទិសគ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្ដង។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ ក្នុងនោះ បាក់ភ្លៅ២នាក់ និងសន្លប់ស្ដូកស្ដឹង៣នាក់ និងខូចខាតម៉ូតូ២គ្រឿង។ ទាំងអ្នកបើកបរ និងអ្នករួមដំណើរម៉ូតូទាំងពីរគ្រឿង គ្មានកញ្ចក់មើលក្រោយ និងមិនពាក់មួកសុវត្ថិភាព។
ភាគីម៉ូតូបង្កគ្រោះថ្នាក់ ជិះគ្នា៣នាក់ រួមមាន ១-ឈ្មោះ ស្រង ទីសះ អាយុ៣៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរឥស្លាម អ្នកបើកបរម៉ូតូ (រងរបួសសន្លប់) ២-ឈ្មោះ ទឺ សុភី អាយុ១៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរឥស្លាម រួមដំណើរ (រងរបួសបាក់ភ្លៅខាងឆ្វេង) និង៣-ឈ្មោះ សុះ ទីសា អាយុ១៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរឥស្លាម អ្នករួមដំណើរ (រងរបួសសន្លប់)។ អ្នកទាំង៣ រស់នៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ដោយឡែក ភាគីម៉ូតូរងគ្រោះជិះឌុបគ្នា២នាក់ រួមមាន ១-ឈ្មោះ ឈាន គា អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ អ្នកបើកបរ (រងរបួសបាក់ភ្លៅវឆ្វេង) និង២-ឈ្មោះ រ៉ុច រុំ អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ អ្នករួមដំណើរ(សន្លប់)។ អ្នកទាំងពីរ រស់នៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៥ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ខណៈវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕






