
ភ្នំពេញៈ ទំព័រហ្វេសប៊ុក ឬ Facebook Page របស់ទូរទស្សន៍ BTV ដែលមានលោកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រីកម្ពុជា ជាម្ចាស់ទូរទស្សន៍ឈ្មោះថា BTV Cambodia ត្រូវបានក្រុមចោរអនឡាញ Hack យកទៅគ្រប់គ្រងបានសម្រេចហើយនៅព្រឹកថ្ងៃអង្គារនេះ។ នេះជាការចូលលួចហ្វេសប៊ុករបស់កូននាយករដ្ឋមន្ត្រី ជាលើកទី២ បន្ទាប់ពីទំព័រ និងគណនីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ត្រូវបានក្រុមចោរអនឡាញលួចកាលពីពេលថ្មីៗដែរនោះ។
យោងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានឲ្យដឹងថា “ទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ BTV ដែលមានអាសយដ្ឋាន (BTV Cambodia) កាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានក្រុម Hacker (ចោរលួចតាមអនឡាញ) យកទៅគ្រប់គ្រងហើយ។ ដូច្នេះ រាល់ខ្លឹមសារនានា ដែលមាន Post នៅលើផេក BTV Cambodia មិនមែនជាខ្លឹមសារពិតរបស់អគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័នទេ។ សូមអរគុណ”។


គួរជម្រាបថា នេះជាលើកទី២ហើយ ដែលគណនី និងទំព័រហ្វេសប៊ុករបស់កូននាយករដ្ឋមន្ត្រីកម្ពុជា ត្រូវក្រុមចោរអនឡាញលួចយកទៅគ្រប់គ្រង និងទម្លាយរឿងសម្ងាត់ផ្សេងៗ។ កាលពីពេលថ្មីៗនេះ គណនី និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ក៏ត្រូវក្រុមចោរអនឡាញនេះ លួចយកទៅគ្រប់គ្រង និងទម្លាយរឿងអាស្រូវផ្សេងៗ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៨នេះ៕


