ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់ក្រុមមន្រ្តី អតីតបក្សប្រឆាំង ដែលតែងតែដើរអំពាវនាវដល់បរទេសឲ្យដាក់សម្ពាធ មកលើប្រទេសកម្ពុជា កុំឲ្យចូលមកតំបន់អាស៊ី ប្រយ័ត្នមានការចាប់ខ្លួន តាមរយៈការធ្វើបត្យាប័នអ្នកទោស។
សម្ដេច ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះ តែគេអាចសន្និដ្ឋានបានថា សម្ដេចចង់ផ្ដាំទៅលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួន ពីសំណាញ់ច្បាប់កម្ពុជា ទៅជ្រកកោននៅបរទេសបង្កើតចនាសង្រ្គោះជាតិ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារ ទេពកោសល្យ វិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា “អាអ្នករត់ចោលស្រុកហ្នឹង សម្ពាធៗ អញ្ជើញមក វាត្រូវក្បាល ហ៊ុន សែន ហើយ សម្ពាធតិចប៉ះខ្លួនឯង ហើយខ្ញុំសូមផ្ដាំ កុំមកអាស៊ីឲ្យសោះ សូមកុំមកក្បែរអាស៊ី បើអ្នកឯងតាំងខ្លួនជាភេរវកហើយខ្ញុំ នឹងតាំងខ្លួនយកអ្នកឯង ឲ្យបាន ឥឡូវនេះ គេកំពុងតាំងខ្លួនប្រកាស ជាភេរវកហើយ មិនមែនគ្រាន់តែអង្គការក្រៅច្បាប់ ជាភេរវកតែម្ដង ជាអង្គការ ភេវកម្មសូមអញ្ជើញធ្វើចុះ”។
សម្ដេចតេជោ បន្ដថា ជនទាំងឡាយណា ដែលជាភេរវកកម្ពុជា អាចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសដទៃធ្វើការចាប់បញ្ជូនខ្លួនបាន។
ពាក់ព័ន្ធវិស័យទេសចរណ៍ វិញសម្ដេចថា រឿងទេសចរណ៍ គ្មានប្រទេសណាមួយអាចបិទ សេរីភាពទេសចរបានឡើយ ហើយគ្មានប្រទេសណាមួយ មកដាក់ទោសទណ្ឌកម្ពុជាបានដែរ ។
សម្ដេចតេជោ បានអំពាវនាវ ដល់ប្រជាជនកម្ពុជា ឲ្យផលិតផលិតផលឲ្យបានល្អ ហើយផលិត ផលទាំងនេះនឹងនាំចូលតាមសណ្ឋាគារ មានអ្នកពិសាជាង៥លាននាក់ បញ្ហានេះ ក៏ជាផ្នែក មួយ នៃសេដ្ឋកិច្ចដែរ ហើយសេដ្ឋកិច្ចនេះទៀតសោត គឺនៅតាមជនបទ ដែលប្រជាកសិករ កម្ពុជា ចិញ្ចឹមត្រី មាន់ ជ្រូក គោ និងដាំបន្លែក ជាដើម ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បើអ្នកឯងឈប់ឲ្យកម្ពុជានាំចេញ កម្ពុជាក៏ឈប់ឲ្យអ្នកឯងនាំចូលកម្ពុជាដែរ សេដ្ឋកិច្ចបើកចំហរនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភលោក គ្មានអ្នកណាធ្វើខុស ទៅនឹងច្បាប់បានឡើយ។
សម្ដេចបញ្ជាក់ថា សព្វថ្ងៃនេះកម្ពុជានាំទំនិញទៅក្រៅប្រទេសបង់ពន្ធ ហើយគេក៏ទទួល ប្រយោជន៍ពីកម្ពុជា ហើយកម្ពុជាក៏ទទួលប្រយោជន៍ពីគេផងដែរ។
សម្ដេចអះអាងថា ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ បានកើនឡើងប្រមាណ៥ពាន់លានដុល្លារ កម្ពុជា-ចិន ជិត៥ពាន់លានដុល្លារ ហើយឥណ្ឌាបាននាំទំនិញចូលមកកម្ពុជាច្រើនជាង កម្ពុជានាំចេញស្ថានភាពទាំងនេះ មានចេញ មានចូល៕
