ភ្នំពេញៈ អស់រយៈពេលជាង៤ម៉ោងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១១នឹង៣០នាទីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សវនាការលើជនត្រូវចោទលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយមហាអយ្យការនៃសាលាឧទ្ធរណ៍ បានសម្រេច មិនអនុញ្ញាតឱ្យនៅក្រៅឃុំទេពោល គឺបន្តឃុំខ្លួនដដែល ដោយរង់ចាំតុលាការបន្តនីតិវិធី។
សាលាឧទ្ធរណ៍ មិនបានសម្រេចដោះលែងលោក កឹម សុខា ទេ ពោលគឺបន្តឃុំខ្លួនដដែល នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយសាលាឧទ្ធរណ៍សំណាងហេតុផលចំនួនពីរ គឺទី១ សំណាងទៅលើហេតុផលសុវត្ថិភាពរបស់លោក កឹម សុខា ទី២ សំណាងទៅលើតុលាការនឹងបន្តនីតិវិធីរឿងក្តីរបស់លោកបន្តទៀត។ នេះបើតាមឲ្យដឹងពីលោកមេធាវី ជូង ជូងឺ ថ្លែងប្រាប់អ្នកព័ត៌មាននៅក្រៅរបងសាលាឧទ្ធរណ៍ក្រោយចប់សវនាការ។
លោកបន្តថា នៅក្នុងសវនាការនោះ សាលាឧទ្ធរណ៍បានឲ្យលោក កឹម សុខា លើកហេតុផលសុំនៅក្រៅឃុំដែរ ប៉ុន្តែហេតុផលទាំងនោះ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍ច្រានចោលទាំងស្រុង។
ជាមួយគ្នានោះដែរ លោកមេធារី ក៏បានលើកឡើងពីស្ថានភាពសុខភាពរបស់លោក កឹម សុខា ហាក់មានសភាពទន់ខ្សោយមែនទែន ដោយសារពេលនេះ លោកមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមធ្ងន់ធ្ងរផងដែរ។
សូមបញ្ជាក់ផងដែរថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅវេលាម៉ោងជាង៥ ព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។ ហើយនៅគ្រានោះដែរ ក៏មានវត្តមានភរិយាលោក កឹម សុខា និងម្តាយបង្កើត គឺលោកយាយ សៅ ង៉ែត ដែលមានវ័យជាង៩០ឆ្នាំ ផងដែរ ដោយអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណសាលាឧទ្ធរណ៍ ដើម្បីជួប នឹងយកបាយទឹកជូន លោកកឹម សុខា ផងដែរ។
សវនាការរបស់ជនត្រូវចោទ កឹម សុខា ត្រូវធ្វើឡើងជាអសាធារណៈនាវេលាម៉ោង៨ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
នៅសាលាឧទ្ធរណ៍ នាព្រឹកនេះគេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះក៏ដូចជានៅតាមដងផ្លូវនានាផងដែរ។ ក្រៅពីនេះ ក៏មានវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើន រួមទាំងមានអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិប្រមាណជិត៥០នាក់ផងដែរ។
សវនាការលើសំណុំរឿងលោក កឹម សុខា នេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងលោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។ ហើយក្នុងពេលពេលសវនាការនេះ ពុំមានបាតុភាពប៉ះទង្គិចគ្នារវាងសមត្ថកិច្ចនិងអ្នកគាំទ្រលោកកឹម សុខា នោះទេ។ ប៉ុន្តែវាបានបង្កឱ្យមានការស្ទះចរាចរណ៍នៅជុំវិញតំបន់នោះ ដោយសារតែមានការបិទចរាចរលើកំណាត់ផ្លូវមួយចំនួនផងដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បន្តបន្ទាប់នោះ។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
នៅគ្រាដែលលោក កឹម សុខា កំពុងនៅក្នុងមន្ទីឃុំឃាំងនោះ ក្រុមមេធាវីរបស់លោកបានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ ប៉ុន្តែសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។
នៅគ្រាដែលលោកកឹម សុខា កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសនេះ បែរជាលោកសម រង្សី ដែលរស់នៅសហរដ្ឋអាមេរិក បានប្រមូលផ្តុំអ្នកគាំទ្រខ្លួន បង្កើតចលនាសង្គ្រោះជាតិ ដែលពុំមានការគាំទ្រពីក្រុមគាំទ្រ និងមិនទទួលស្គាល់ក្រុមគាំទ្រលោកកឹម សុខា ឡើយ៕









