
ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ (CNRP) បានលើកឡើងថា លទ្ធិប្រជាធិតេយ្យនៅកម្ពុជា បានបាត់បង់ទៅ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងពេលតុលាការកំពូលបានរំលាយ CNRP ប៉ុន្តែសម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អតីតបក្សសង្គ្រោះចង់ឡើងកាន់អំណាច ប៉ុន្ដែមិនអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានត្រឹមត្រូវទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ នៅរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេច ស ខេង បានឲ្យដឹងថា នៅកម្ពុជាបើគ្មានសន្ដិភាព គឺគ្មានលទ្ធប្រជាធិបតេយ្យឡើយ ផ្ទុយទៅវិញបើគ្មានលទ្ធិប្រជាធិតេយ្យ កម្ពុជាក៏គ្មានសន្ដិភាពដែរ ។
សម្ដេចបន្ដថា អ្នកណាក៏ដោយដែលប៉ុនប៉ងបំផ្លាញសន្ដិភាព និងប៉ុនប៉ងឡើងកាន់អំណាចមិនតាមរយៈការបោះឆ្នោត អ្នកឯងត្រូវដើរផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ សម្ដេចថា អតីត CNRP ដែលត្រូវតុលាការកំពូលរំលាយពួកគេបានរំលោភរដ្ឋធម្មនុញ្ញកម្ពុជា។
សម្ដេច ស ខេង បន្ថែមថា កាលបោះឆ្នោតឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដោយអតីត CNRP បាន៥៥កៅអី តែអតីត CNRP មិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ទើបនាំគ្នាប្រមូលកម្លាំងប្រជាពលរដ្ឋ ផ្ដួររំលំរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា។
សម្ដេចបានថ្លែងទៀតថា “បំផ្លាញចោលលទ្ធផលនៃការបោះឆ្នោតហើយឡើងកាន់អំណាចខ្លួនឯង ដូច្នេះនេះហើយត្រង់ហ្នឹងហើយ ដែលយើងថា គណបក្សនេះ (គណបក្សសង្គ្រោះជាតិ) ចង់ឡើងកាន់អំណាច តែមិនឆ្លងតាមគោលការណ៍ និងអនុវត្តន៍លទ្ធប្រជាធិតេយ្យ សេរីពុហបក្ស តាមរដ្ឋធម្មនុញ្ញ ដែលនិយាយថាកម្ពុជាប្រកាន់យករបបប្រជាធិតេយ្យ សេរីពុហបក្សនោះទេ”។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា កម្ពុជាបើមិនដើរលើផ្លូវប្រជាធិតេយ្យនឹងមានគ្រោះថ្នាក់នៅឆ្នាំ២០១៨ កាលណាបក្សប្រឆាំងចាញ់ឆ្នោត ដូចកាលពីឆ្នាំ២០១៣ ប្រសិនបើទុកអតីត CNRP នៅបោះឆ្នោតឆ្នាំ២០១៨ទៀត កម្ពុជានឹងអន្ដរាយ ហើយការអភិវឌ្ឍនៅកម្ពុជាក៏អត់មានដែរ។
សម្ដេច ស ខេង បានអះអាងថា បញ្ហាកម្ពុជាបានជួបប្រទះជាច្រើនប៉ុន្តែដោះស្រាយបាន ហើយ និងបានចូលរួមបំផ្លាញចោលបក្ខដិវត្តន៍ពណ៌របស់អតីតបក្សប្រឆាំងផងដែរ។
សម្ដេចមានប្រសាសន៍ទៀតថា “យើងសួរថា តើកម្ពុជាយើងបានប្ដូររបបនយោបាយប៉ុន្មានហើយ? ការប្ដូររបបនយោបាយពីម្ដង ទៅម្ដង តាមរបៀបណា ហើយការគ្រប់ប្ដូររបបនយោបាយនោះ យើងបានសុខសន្ដិភាពអត់ យើងមានការអភិវឌ្ឍរីកចម្រើន ឬអត់ ត្រូវដាក់សំណួរខ្លួនឯងត្រូវឆ្លើយឯង”៕
