Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា (CPP ) បានស្នើដល់ក្រសួងមានសមត្ថកិច្ចមេត្តាពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសកម្មភាពជាក់ស្តែងរបស់ក្រុមប្រឹក្សានេះ ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការស្នើរសុំរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ បន្ទាប់ពីអ្នករាយការណ៍ពិសេស ស្តីពីស្ថានការសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិការកែប្រែរដ្ឋធម្មនុញ្ញនៅកម្ពុជាធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈថាការអំពាវនាវរបស់ ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅពេលថ្មីៗនេះ បានអំពាវនាវកុំឲ្យប្រជាជនកម្ពុជាអញ្ជើញទៅបោះឆ្នោត។ ការអំពាវនាវនេះ អាចចាត់ទុកថា របស់ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអង្គការប្រឆាំងនៅកម្ពុជា។ របស់ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរំលោភសិទ្ធិនយោបាយរបស់ពលរដ្ឋ។ របស់ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអ្នករំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ របស់ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអ្នកធ្វើវិច្ឆេទកម្មនយោបាយនៅកម្ពុជា។

លោកបន្តថា​ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺជាការពង្រឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាង១៥លាននាក់តម្កល់ព្រះមហាក្សត្រជាបុរសរដ្ឋដ៏កំពូលរបស់ជាតិខ្មែរ ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត។ ដូច្នេះចាំបាច់ត្រូវមានច្បាប់ដាក់ទោសទណ្ឌទៅលើជនណា ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ។

ការប្រមាថអង្គព្រះមហាក្សត្រ ក៏ចាត់ទុកថា ជាការប្រមាថប្រជាជនកម្ពុជាទូទាំងប្រទេសដែរ។ បើប្រមាថប្រជាជនទូទាំងប្រទេស មានន័យថា ជាការប្រមាថដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។

ដូច្នេះ គំនិតទាំងឡាយ ដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរំលោភលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងបាននិងកំពុងកាន់អំណាចមិនអាចទទួលយកបានជាដាច់ខាត ចំពោះបណ្តាជនដែលចង់ប្រមាថព្រះមហាក្សត្រ និងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបន្តថា នៅកម្ពុជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងទូលំទូលាយ ដូចមានចែងនៅក្នុងមាត្រា ៣១ និងមាត្រា ៤១ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ការបើកទូលាយសិទ្ធិខាងការបញ្ចេញមតិ ត្រូវបានជនមួយចំនួននៅតែវាយប្រហារថា នៅមានការបិទសិទ្ធិសេរីភាពខាងការបញ្ចេញមតិនេះដដែល។ ក៏ប៉ុន្តែសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅប្រទេសណាក៏មានព្រំដែនរបស់វាដែរ មិនដែលមានតែសិទ្ធិ ហើយអត់ព្រំដែននោះទេ។ ជាក់ស្តែងនៅប្រទេសម៉ាឡេស៊ី គ្រាន់តែគូររូបត្លុកកំប្លែងចំអក ប៉ះពាល់ដល់កិត្តិយស នាយករដ្ឋមន្ត្រី ក៏ត្រូវតុលាការកាត់ទោសឲ្យជាប់គុក១ឆ្នាំ និងពិន័យជាប្រាក់ជាង៧៧០០ដុល្លាអាមេរិកដែរ  កុំជោរ ។ ដូច្នេះ រដ្ឋធម្មនុញ្ញបើកទូលាយប៉ុនណា អនុវត្តប៉ុននោះទៅ ហើយបើច្បាប់ហាមប៉ុនណា ត្រូវអនុវត្តទៅ ទើបវាត្រឹមត្រូវ និងគ្មានទុក្ខដល់ខ្លួន។

ជាមួយគ្នានោះដែរលោកសុខ ឥសានក៏បានលើកឡើងថាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏អាចហៅថាជាក្រុមភេរវកម្ម នៅក្នុងប្រទេសកម្ពុជាដែរ ដែលធ្វើសកម្មភាពប្រឆាំងចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែម្តង។

លោកគូសបញ្ជាក់ថា សូមអំពាវនាវដល់ក្រសួងមានសមត្ថកិច្ចមេត្តាពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នេះ និងសកម្មភាពជាក់ស្តែងរបស់ក្រុមប្រឹក្សានេះ តើវាស្របគ្នានិងត្រឹមត្រូវដែរឬទេ ហើយស្នើចាត់វិធានការណ៍ផ្លូវច្បាប់សមស្របចំពោះសកម្មភាពរបស់ពួកគេ ដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor