Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ស្រាបៀរ Heineken ខូចគុណភាព និងទឹកបរិសុទ្ធ Eva ហួសកាលបរិច្ឆេទយ៉ាងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកពិសានោះ ត្រូវបានមន្ត្រីជំនាញរកឃើញ និងធ្វើការរឹបអូស យកទៅបំផ្លាញចោលទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ការហានីភ័យផ្សេងៗ។

ការររកឃើញមាននូវការដាក់តាំងលក់ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទនេះ នៅក្នុងអំឡុងពេលមន្ត្រីកាំកុងត្រូលខេត្តតាកែវ ចុះត្រួតពិនិត្យទំនិញដាក់តាំងលក់នៅតាមបណ្ដាផ្សារមួយចំនួនក្នុងខេត្ត មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ ត្រួតពិនិត្យរកឃើញទឹកបរិសុទ្ធម៉ាក Eva ចំណុះ៧៥០មីលីលីត្រ ចំនួន៦០កេស ស្មើនឹង១៤៤០ដប និងស្រាបៀរ Heineken ចំនួន២កេស ស្មើ២៤កំប៉ុង ដែលបានហួសកាលបរិច្ឆេទប្រើប្រាស់រយៈពេលជាង១ខែ មានដាក់តាំងលក់នៅដេប៉ូ តាំង ណាំថាំង ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ លោក ប៉ោ លាងគង់ ឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យរកឃើញទឹកបរិសុទ្ធ និងស្រាបៀរហួសកាលបរិច្ឆេទប្រើប្រាស់ខាងលើ មន្រ្តីរបស់លោកបានធ្វើការរឹបអូសយកទៅបំផ្លាញចោល ហើយបានណែនាំម្ចាស់ដេប៉ូឲ្យឈប់ដាក់លក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ឬឧស្សាហ៍ត្រួតពិនិត្យមុខទំនិញរបស់ខ្លួនឲ្យបានញឹកញាប់ ដើម្បីងាយស្រួលធ្វើការផ្លាស់ប្ដូរទៅក្រុមហ៊ុនដើមវិញ។ លោកបន្តថា ប្រសិនបើលើកក្រោយ មន្រ្តីជំនាញចុះមកត្រួតពិនិត្យរកឃើញមាននូវទំនិញហួសកាលបរិច្ឆេទនៅក្នុងដេប៉ូនេះទៀត នោះមន្រ្តីជំនាញ នឹងចាត់ការទៅតាមនីតិវិធីច្បាប់។

ជាមួយគ្នា លោក ប៉ោ លាងគង់ ក៏បានអំពាវនាវដល់អាជីវករលក់មុខទំនិញគ្រប់ប្រភេទនៅគ្រប់ផ្សារទាំងអស់ សូមលក់នូវមុខទំនិញណាដែលប្រកបដោយសុវត្ថិភាព និងត្រូវកំណត់ឲ្យច្បាស់ថា មុខទំនិញរបស់ខ្លួន មិនទាន់ហួសកាលបរិច្ឆេទប្រើប្រាស់។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ ឬបរិភោគ មុននឹងទិញទំនិញផ្សេងៗ សូមមេត្តាពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ ចៀសវាងប៉ះនូវផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាពដូចស្រាបៀរ និងទឹកបរិសុទ្ធខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។

សូមបញ្ជាក់ថា ប្រតិបត្តិការនៅថ្ងៃនេះ មន្រ្តីជំនាញកាំកុងត្រូលខេត្ត ក៏បានចុះត្រួតពិនិត្យគ្រប់មុខទំនិញនៅផ្សារអង្គតាសោម ហើយបានធ្វើតេស្តបឋមទៅលើសសៃគុយទាវ បាញ់កាញ មឹក សណ្ដែកប្រដុះ ជ្រក់គ្រប់ប្រភេទ ឈាម ដោយក្នុងនោះ បានរកសាធារតុគីមី សូដ្យូម អ៊ីឌ្រូសូហ្វីត នៅក្នុងស្ករត្នោត ដែលអាជីវករដាក់លក់នៅលើទីផ្សារផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor