
ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលល្បីថា ជាស្មាត់ឆក់ បានជិះម៉ូតូម៉ាក Dream សង់ធ្វើសកម្មភាពឆក់កាបូបជនបរទេស តែមិនបានសម្រេច ក៏ត្រូវបានរថយន្តដេញបុកម៉ូតូជនសង្ស័យ២នាក់នោះដួល ត្រូវសមត្ថកិច្ចចាប់បានម្នាក់ នឹងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ព្រះសុរាម្រិត កែងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីដែលប្រទះឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិបារាំងប្រុសស្រីមួយក្រុមមានគ្នា៧នាក់ ដើរនៅលើសួន ហើយក៏ដើរឆ្លងថ្នល់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Dream សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FP-5327 បានធ្វើសកម្មភពឆក់កាបូបពីជនបរទេសធ្វើឲ្យជនបរទេសនោះដួល តែមិនបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន ក៏មានរថយន្ត Highlander មួយគ្រឿងឃើញភ្លាម ក៏បើកដេញបុកពីក្រោយម៉ូតូជនសង្ស័យនោះ បណ្តាលឲ្យដួលហើយបាក់កាត់តាប៉ូម៉ូតូចាប់បានម្នាក់ ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូនោះ បានរត់គេចខ្លួនបាត់ស្រមោលឈឹងនៅសល់ទុកតែម៉ូតូនឹងអ្នកជិះពីក្រោយ។

ជនរងគ្រោះឈ្មោះ LOUISE អាយុ៦០ឆ្នាំ ជនជាតិបារាំង។ ចំណែកជនសង្ស័យជិះពីក្រោយជាអ្នកធ្វើសកម្មភាពនោះ ឈ្មោះ ឈី ឆៃ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅម្តុំកៀនស្វាយក្រៅ ស្រុកកំណើតនៅ ភូមិទ្រា ស្រុកមេសាង ខេត្តព្រៃវែង។ រីឯបក្ខពួកដែលជាម្ចាស់ម៉ូតូ Dream ស្លាកលេខភ្នំពេញ 1FP-5327 និងជាអ្នកបើកធ្វើសកម្មភាពនោះមានឈ្មោះ ភ័ក្ត្រ អាយុប្រហែលជា១៨ឆ្នាំ ស្នាក់នៅ ខេត្តកណ្តាល បច្ចុប្បន្នរត់គេចខ្លួន។
ក្រោយពេលកើតហេតុជនបរទេសក៏ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចធ្វើការកំណត់ មុខសញ្ញាស្វែងរកបក្ខពួកជនសង្ស័យយកទៅធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់៕






