
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសទំនើងម្នាក់បានបើករថយន្ដ ម៉ាក Rang Rover បុកម៉ូតូមួយគ្រឿង នៅជិតស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចព្យាយាមបើករត់គេចក៏បន្ដបុកម៉ូតូ៤គ្រឿង និងរថយន្ដមួយគ្រឿងទៀត នៅតាមបណ្ដោយផ្លូវលេខ៧០ ទំបន់ទួលគោក ខណ្ឌទួលគោក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស២នាក់។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុ បុរសម្នាក់បើករថយន្ដម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-1314 តាមបណ្ដោយផ្លូវបឹងកក់ R6 សង្កាត់ស្រះចក ខណ្ឌដូនពេញ បានបុកម៉ូតូ១គ្រឿង តែរថយន្ដបង្កមិនបានឈប់ ព្យាយាមបើករត់គេចទៅផ្លូវលេខ៧០ ដោយជិះបញ្ច្រាសស្រាប់តែបុកម៉ូតូ៤គ្រឿងផ្សេងទៀត ដោយគៀបម៉ូតូ១គ្រឿងនៅក្រោមរថយន្ដ រហូតជិតដល់អង់តែនទួលគោក ក៏បុករថយន្ដមួយគ្រឿងទៀតម៉ាក Luxes RX350 ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4249 បណ្ដាលឲ្យខ្ទេចខាងមុខស្ទើរទាំងស្រុង។
មន្ដ្រីនគរបាលរូបនេះបន្តទៀតថា ក្រោយបុករថយន្ដ Luxes ម្ចាស់រថយន្ដបង្កបានបើកទ្វារព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលដ្ឋដេញចាប់បាន ដោយស្វាគមន៍ ទាត់ធាក់ម្នាក់មួយដៃមួយជើង បណ្ដោយឲ្យសន្លប់នៅនឹងកន្លែងតែម្ដង ទើបប្រគល់ឲ្យសមត្ថកិច្ចចាប់វាយខ្នោះទាំងរបួស រួចបញ្ជូនទៅមន្ទីរពេទ្យ និងចាត់ការតាមច្បាប់នៅពេលក្រោយ ចំណែកសពជនរងគ្រោះ ប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។




