Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ បានចុះប្រតិបត្តិការយ៉ាងបន្ទាន់ទាំងព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ធ្វើការរុះរើការដ្ឋានសំណង់ខុសច្បាប់មួយកន្លែង ដែលគេដឹងថា គ្រោងសាងសង់ជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅលើឆ្នេរអូរឈើទាល។ ប្រតិបត្តិដ៏ក្ដៅគគុកនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រទះភ្នែកឃើញការដ្ឋានមួយនេះ សាងសង់ដោយខុសច្បាប់នៅលើឆ្នេររបស់រដ្ឋ ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិគ្រឹះរបស់សម្ដេច។

យោងតាមលិខិតមួយច្បាប់របស់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដែលអង្គភាពសារព័ត៌មាន Cam Post ទើបទទួលបាននៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនានេះ បានឲ្យដឹងថា អាជ្ញាធរក្រុងព្រះសីហនុ បានបញ្ជាឲ្យលោក លី ឡាយ ម្ចាស់ការដ្ឋានសំណង់ផ្លូវអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពសាងសង់នានាក្នុងការដ្ឋានជាបន្ទាន់។

លោក អ៊ី សុខឡេង បញ្ជាក់ថា ការដ្ឋានរបស់លោក លី ឡាយ ដែលកំពុងគ្រោងសាងសង់សំណង់ ដោយពុំមានច្បាប់អនុញ្ញាតសាងសង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធណានោះឡើយនោះ រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាឲ្យបិទការដ្ឋានគម្រោងសាងសង់សំណង់គ្រប់ប្រភេទ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ជាមួយគ្នា​នោះ អភិបាលក្រុងព្រះសីហនុ បានដាក់លក្ខខ័ណ្ឌ៣ចំណុច ដល់ម្ចាស់ការដ្ឋាននេះ ត្រូវអនុវត្តន៍តាម មានដូចជា ១/ ត្រូវបញ្ឈប់គម្រោងការសាងសង់សំណង់គ្រប់ប្រភេទជាបន្ទាន់, ២/ ត្រូវរុះរើរបងព័ទ្ធការដ្ឋានលើដីចំណីឆ្នេរ និងលើដីចិញ្ចើមផ្លូវសាធារណៈចេញ, ៣/ ត្រូវដឹកគ្រឿងចក្រ និងសម្ភារៈផ្សេងៗ ដែលផ្គត់ផ្គង់ដល់ការសាងសង់ចេញពីការដ្ឋាន។ ក្នុងករណីលោក (លី ឡាយ) មិនព្រមអនុវត្តន៍តាមខ្លឹមសារនៃលិខិតនេះ រដ្ឋបាលក្រុងព្រះសីហនុ នឹងចុះរឹបអូស និងដកហូតគ្រឿងចក្រ ឬសម្ភារៈផ្សេងៗ ដែលផ្គត់ផ្គង់ដល់ការសាងសង់សំណង់ យកទៅរក្សាទុកនៅសាលាក្រុង ដោយមិនទទួលខុសត្រូវនូវការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិលោកឡើយ។

ពាក់ព័ន្ធនឹងការសាងសង់សំណង់សណ្ឋាគារដោយខុសច្បាប់ នៅកណ្ដាលក្រុងនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានទទួលស្គាល់ថា អាជ្ញាធរពិតជាបានបើកប្រតិបត្តិការយ៉ាងបន្ទាន់ ដោយសម្រេចបិទការដ្ឋានសំណង់គ្រប់ប្រភេទរបស់លោក លី ឡាយ នៅចំណុចខាងលើ តាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកថា ការដ្ឋានមួយនេះ មានដីទំហំប្រហែល១ហិកតា បានដំណើរការសាងសង់ជាងកន្លះខែមកហើយ នៅលើចំណុចអតីតបន្ទាយប៉េអឹមចាស់ ដែលជួលឲ្យអាជីវករសាងសង់តូបលក់ដូរសម្រាប់បម្រើសេវាដល់ភ្ញៀវទេសចរ។ ប៉ុន្តែទើបតែចុងក្រោយនេះ ខាងម្ចាស់ការដ្ឋានបានហ៊ុំព័ទ្ធរបងគ្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ឡើងតែម្ដង។

បន្ថែមលើសពីនេះ លោកអភិបាលខេត្ត ក៏ឲ្យដឹងដែរថា ការដ្ឋានសណ្ឋាគារលំដាប់ផ្កាយ៥ខាងលើនេះ ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងរត់សុំច្បាប់សាងសង់ ប៉ុន្តែអាជ្ញាធរមិនទាន់អនុញ្ញាតនៅឡើយផង ស្រាប់តែគេបើកការដ្ឋានទៅហើយ ដោយប្រើឲ្យលោក លី ឡាយ ធ្វើជាតំណាង។

បើតាមលោក យន្ត មីន្ត បានប្រាប់ Cam Post ថា “ការពិតគាត់អត់ទាន់បានធ្វើទេ ប៉ុន្តែគាត់គ្រាន់តែព័ទ្ធរបងចង់ធ្វើ គាត់រង់ចាំច្បាប់ គាត់អត់មានច្បាប់ គាត់អត់ទាន់ហ៊ានធ្វើ ក៏អត់យកឧបករណ៍មកដែរ គាត់ព័ទ្ធរបងជាងកន្លះខែមកហើយ ប៉ុន្តែអត់ទាន់បានសង់ទេ គាត់ក៏រ៉េរ៉ លបៗចាំមើលសិន ហ្នឹងហើយៗពីមុនជាអតីតបន្ទាយប៉េអឹមចាស់ គាត់ជួលឲ្យគេធ្វើផ្សារកុងតឺន័រ”

ទោះជាបែបណា អង្គភាពសារព័ត៌មាន Cam Post មិនអាចសុំការបកស្រាយបានទេ ពីអ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃសៅរ៍នេះ ដោយគាត់ប្រាប់យ៉ាងខ្លីថា កំពុងជាប់ប្រជុំ។

គួរជម្រាបថា កាលពីរសៀលថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅខេត្តព្រះសីហនុ ក្នុងបំណងជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រប្រមាណ២ម៉ឺននាក់ នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ពេលនោះ សម្ដេចតេជោ បានប្រទះឃើញការដ្ឋានសំណង់មួយកន្លែង ដែលកំពុងហ៊ុំព័ទ្ធរបងធ្វើការសាងសង់នៅចំណុចឆ្នេរអូរឈើទាល ជិតភូមិគ្រឹះរបស់សម្ដេច ទើបសម្ដេចបញ្ជាឲ្យអាជ្ញាធរចុះពិនិត្យ និងរុះរើជាបន្ទាន់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor