
ស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការដ៏ក្ដៅគគុក នៅខេត្តភូមិភាគឦសាន ឈានដល់ឃាត់ខ្លួនជនជាតិឡាវម្នាក់ និងរឹបអូសបានគ្រឿងញៀន ប្រហែល៣០គីឡូក្រាម។
តាមសេចក្ដីរាយការណ៍ពីលោក លឹម ខេមរិន្ទ ភ្នាក់ងាររបស់ Cam Post ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យជាជនជាតិឡាវម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន៣០កញ្ចប់ធំ ដែលមានទម្ងន់ប្រហែល៣០គីឡូក្រាម។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៩៖៤៥នាទីព្រឹក ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក លឹម ខេមរិន្ទ បញ្ជាក់ថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អាំអួយសាក់ សិរីស័ក្ដិ ហៅ កុប ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិឡាវ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំបន្ថែម៕






