
បក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសថ្កោលទោសចំពោះអំពើហិង្សា និងការប្រើប្រាស់កាំភ្លើងពីសំណាក់អាជ្ញាធរទៅលើប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានៅស្រុកស្នួល ខេត្តក្រចេះ
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានចេញសេចក្ដីថ្លែងការណ៍ ស្តីពីអំពើហិង្សា និងការប្រើប្រាស់កាំភ្លើងពីសំណាក់អាជ្ញាធរទៅលើប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានៅស្រុកស្នួល ខេត្តក្រចេះ។
ក្នុងសេចក្តីថ្លែងកាណ៍នេះ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មានការសោកស្ដាយចំពោះព្រឹត្តិការណ៍នៃការបាញ់សម្លាប់ប្រជាពលរដ្ឋ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមប្រកាសថ្កោលទោសចំពោះអំពើហិង្សា និងការប្រើប្រាស់កាំភ្លើង ដើម្បីដោះស្រាយបញ្ហា ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយយុត្តិធម៌ និងតម្លាភាព ដោយមានការចូលរួមពីគ្រប់ភាគី ជាពិសេសគឺសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។ ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ក៏ទាមទារឲ្យអ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ ត្រូវចេញមុខដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ភ្នំពេញប៉ុស្តី បានចេញផ្សាយថា៖ យ៉ាងហោចណាស់ មានពលរដ្ឋចំនួន ៦ នាក់បានស្លាប់ និងជាង ៤០ នាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា នៅរសៀលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលការប៉ះទង្គិចគ្នានេះ បានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរ ដែលរួមមានទាហានប្រដាប់អាវុធប្រមាណជាង ៤០ នាក់ នៅភូមិ ១៩៦ ឃុំ ២ ធ្នូ ស្រុកស្នួល បន្ទាប់ពីមានការតវ៉ានៅក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរៃមួយ។ នេះបើយោងតាម លោកប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក និងយោងតាមពលរដ្ឋនៅកន្លែងកើតហេតុ។
ប៉ុន្តែសារព័ត៌មានទំនោរខាងរដ្ឋាភិបាលបានចេញផ្សាយ ថាពុំមានអ្នកស្លាប់និងរបួសដូចការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍។



កាលពីម្សិលមិញ រដ្ឋបាលខេត្តក្រចេះក៏បានបដិសេធរឿងបាញ់សម្លាប់ប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្រចេះ