
ស្វាយរៀងៈ ប្រជាពលរដ្ឋភ័យបះសក់ ស្របពេលដែលកម្មករកម្មការិនីចេញពីធ្វើការ ដោយជិះលើរថយន្ត និងធ្វើដំណើរតាមម៉ូតូជាច្រើននាក់ភ័យខ្លាចផ្ទុះ ដោយសារតែរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន សាវីម៉ិច បើកគេចជែងរថយន្ត និងម៉ូតូបណ្ដាលឲ្យក្រឡាប់៣ត្រឡប់ធ្លាក់ស្រះទឹកជាប់ថ្នល់ជាតិលេខ១។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិតាពៅ សង្កាត់/ក្រុង ខេត្តស្វាយរៀង។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់ គេឃើញរថយន្តដឹកសីុទែនប្រេងឥន្ធនៈរបស់ក្រុមហ៊ុន សាវីមិុច ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3015 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានគេចម៉ូតូជាច្រើនគ្រឿងនៅពីខាងមុខ ជាន់ហ្វ្រាំងមិនជាប់ បួងចង្កូតក្រឡាប់៣ត្រឡប់ធ្លាក់ចូលស្រះទឹករីងស្ងួត ធ្លាយប្រេងចេញមកក្រៅសុីទែន តែសំណាងល្អពុំមានឆាបឆេះ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ក្រោយគ្រោះថ្នាក់ភ្លាមៗ សមត្ថកិច្ចបានចុះមកជួយសម្រួលចរាចរណ៍ និងមិនឲ្យពលរដ្ឋចោមរោមមើលនោះទេ ដោយខ្លាចមានអ្នកជក់បារីអាចបង្កជាអគ្គិភ័យ។
សូមបញ្ជាក់ផងដែរថា នៅតំបន់ខាងលើ ស្ថានភាពផ្លូវតូចចង្អៀត ហើយជារឿយៗនៅពេលព្រឹក និងល្ងាច គឺស្ទះចរាចរណ៍ស្ទើរាល់ថ្ងៃ ដូច្នេះហើយសូមឲ្យបងប្អូនដែលធ្វើដំណើរដល់ចំណុចខាងលើនេះ មានការប្រុងប្រយ័ត្នផង ពីព្រោះសំបូររថយន្តដឹកកម្មករ កម្មការិនីធ្វើដំណើរឆ្លងកាត់៕



