Sponsor
រិទ្ធី

លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលកំពុងជាប់ឃុំនៅគុកព្រៃសរ បានរៀបរាប់ដំណើររឿងពីក្នុងគុកថា៖ ពេលខ្ញុំនៅក្រៅប្រទេសមិនទាន់បានចូលស្រុក ប្រមូលបានអ្នកហែហមដែលចូលចិត្តហែហមខ្ញុំទៅគ្រប់ទីកន្លែងដើម្បីបានចេញមុខចេញមាត់ដោយមិនស្តាយលុយ។ ពេលខ្ញុំចូលស្រុក ប្រមូលបានយុវជន និងអ្នកគាំទ្រស្ម័គ្រស្លាប់ ស្ម័គ្រធ្វើការទាំងអត់ឃ្លាន ទាំងគ្មានស៊ីគ្រប់គ្រាន់ ដើម្បីឧត្តមគតិរួមមួយច្បាស់លាស់។

លោកបន្ថែមថា៖ តែពេលនេះខ្ញុំនៅក្នុងគុក គឺនៅសល់តែមនុស្សស្មោះត្រង់ប៉ុណ្ណោះ ដែលស្ម័គ្រនៅបន្តឧត្តមគតិរួមជាមួយខ្ញុំ។ អតីតប្រធានបក្សអះអាងថា៖ នៅក្នុងគុក៧ខែនេះមានតម្លៃជាងនៅក្រៅស្រុក១០ឆ្នាំទៀតផង។ ទោះជាប្រពន្ធកូន គ្រួសារ និងម្តាយវេទនា មិនមានអ្នកហែហមបញ្ជោរយកចិត្ត តែរស់នៅកក់ក្តៅជាមួយនឹងអ្នកស្មោះត្រង់ដែលស្គាល់ទុក្ខធុរៈ។

លោក សួន សេរីរដ្ឋា ក៏សូមអគុណដល់អ្នកស្មោះត្រង់ទាំងអស់ មួយជីវិតខ្ញុំគឺមិនអាចបំភ្លេចចោល និងមិនដើរចោលអ្នកស្មោះត្រង់ជាដាច់ខាត់។ តែខ្ញុំមិនខ្លាចទាត់ចោលអ្នកហែហមដែរនៅស្តាយឆ្ងាញ់ ស្តាយសប្បាយ និងស្តាយមុខមាត់នោះទេ។

សម្គាត់៖
១-អ្នកហែហមគឺជា «មិត្តឱកាសនិយម»។

២- អ្នកតស៊ូពេលអត់ឃ្លានគឺជា «មិត្តឧត្តមគតិ» តែឧត្តមគតិនេះពួកគេហ្នឹងអាចដូរជាដុំបាយពេលពួកគេទ្រាំនឹងការអត់ឃ្លានលែងបាន។

៣- អ្នកស្មោះត្រង់គឺជា «កល្យាណមិត្ត» ដែលជាមិត្តកម្ររកបាន និងមិនងាយរកបាន។

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីលោក បានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុក លោកថា៖ ប្រទេសជាតិរងការឈ្លានពានរំលោភអធិបតេយ្យភាពទឹកដីពីបរទេសជិតខាង អ្នកនយោបាយគ្រប់បក្សត្រូវទុកការប្រកួតប្រជែងនយោបាយមួយអន្លើ ហើយរួមគ្នាលើកទឹកចិត្តដល់កងទ័ពជាតិ ជួយជាសមរភូមិក្រោយដើម្បីការពារអធិបតេយ្យភាពទឹកដីយើង ! ពលរដ្ឋខ្មែរត្រូវយល់ថា លាវហ៊ានប្រម៉ាតឈ្លានពានទឹកដីយើង ក៏ដោយសារមានយួន នៅពីក្រោយខ្នង ហើយយួនអាងថា បច្ចុប្បន្នគេកំពុងគ្រប់គ្រងយើង គេចង់ឲ្យនណាធ្វើអីលើយើងក៏បាន ។ តែយើងជាខ្មែរ ពូជខ្មែរមហានគរ ដែលជាអំបូរជាតិសាសន៍ម្ចាស់ដែនដីសុវណ្ណភូមិនេះ យើងមិនត្រូវឲ្យពួកជាតិសាសន៍អារាត់អារាយដែលទើបកើតប្រទេស កើតនគរក្នុងសតវត្សទី ១៣ នេះ ប្រម៉ាតមើលងាយយើងជាដាច់ខាត ។

ក្នុងនាមជាប្រធាន គណបក្សអំណាចខ្មែរ បើសង្គ្រាមដើម្បីការពារអធិបតេយ្យភាពដី ប្រឆាំងការឈ្លានពានកើតឡើង ខ្ញុំ និងអ្នកគាំទ្រខ្ញុំទាំងអស់ យើងនឹងចុះឈ្មោះចូលធ្វើកងទ័ពដើម្បីបំពេញកាតព្វកិច្ចបម្រើជាតិ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor