Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀង លោក ម៉ានិត បានចូលប្រឡូកក្នុងវិថីសិល្បះអស់ជាច្រើនឆ្នាំ ដោយជ្រកក្រោយផលិតកម្មហង្សមាស ហើយរូបគេក៏ទទួលបានប្រជាប្រិយភាពខ្លាំងបំផុត តាមរយៈបទចម្រៀង “មាននាងក៏ធុញគ្មាននាងក៏ធុញ”។

ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ លោក ម៉ានិត ហាក់មានភាពស្ងៀមស្ងាត់ក្នុងវិថីសិល្បះ ទាំងមិនចេញចម្រៀងថ្មី និងមិនសូវមានវត្ថមានរបស់លោកក្នុងការប្រគុំតន្ត្រីទៀត ធ្វើឲ្យមហាជន និងហ្វេនៗរបស់លោកជាច្រើននាក់ មានការងើយឆ្ងល់ជាខ្លាំង។

ទោះបីជាយ៉ាងណា ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ បន្ទាប់ពីមុននេះបន្តិច តារាចម្រៀង ម៉ានិត បានប្រកាស់ថាខ្លួននឹងចាកចេញពីហង្សមាស ដោយមិនបន្តកុងត្រាទៀតឡើយ ក្រោយពីបានធ្វើការនៅទីនេះអស់រយៈពេល ៥ ឆ្នាំ។

លោក  ម៉ានិត ក៏បានបញ្ជាក់បន្ថែមថា លោកមិនស្តាយក្រោយទេដែលបានធ្វើជាតារាចម្រៀងក្នុងផលិតកម្ម ហង្សមាស ឬ Pleng Record ហើយការចាកចេញ និងមិនបន្តកុងត្រាជាមួយហង្សមាសទៀត គឺដើម្បីស្វែងរកបទពិសោធន៍ថ្មី និងដើម្បីអភិវឌ្ឃន៍ខ្លួនឯងបន្ថែមទៀត។

ខាងក្រោមនេះ គឺជាសារទាំងស្រុងរបស់ លោក ម៉ានិត ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម ដោយបានរៀបរាប់ថា:

“ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៃការបម្រើការងារនៅក្រុមហ៊ុនហង្សមាស។ ខ្ញុំបាទសូមប្រកាសជាផ្លូវការណ៍ថា ខ្ញុំបាទ ម៉ានិត នឹងមិនបន្តបម្រើការងារក្នុងក្រុមហ៊ុនហង្សមាសទៀតឡើយ បន្ទាប់ពីកិច្ចសន្យាបម្រើការងាររយៈពេលប្រាំឆ្នាំ បានចប់ជាស្ថាពរ។ ខ្ញុំពិតជាគិតដល់កន្លែងការងារ ដែលខ្ញុំធ្វើ មិត្តរួមការងារ និងពេលវេលាល្អៗកន្លងមក។ រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានមនុស្សជាច្រើនបាននិយាយពីចំណុចអវិជ្ជមាននៃការដែលខ្ញុំចូលធ្វើជាតារាចម្រៀងនៅផលិតកម្មមួយនេះ គេនិយាយថា ធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះខុសហើយ ខ្ញុំមិនគួរបែបនេះ ខ្ញុំមិនគួរបែបនោះ តែជាក់ស្ដែងខ្ញុំមិនដែលស្ដាយក្រោយក្នុងបម្រើការងារនៅទីនោះឡើយ។

កាលដែលខ្ញុំចុះកិច្ចសន្យាធ្វើជាតារាចម្រៀងដំបូង ខ្ញុំមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ខ្ញុំពិតជាត្រូវរត់ឲ្យទាន់អ្នកដទៃដែលឈានជើងដើរធម្មតា មានរឿងជាច្រើន ដែលខ្ញុំបានរៀនពីកន្លែងមួយនេះ វាធ្វើឲ្យខ្ញុំចេះគិត ចេះប្រឈមមុខ ចេះទំនាក់ទំនង រៀនស្គាល់ពីខ្លួនឯង និងចេះវិនិច្ឆ័យចំណុចតូចលម្អិតកាន់តែច្បាស់។ ខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាបញ្ឈប់ការកាត់សេចក្ដីថា ការដែលខ្ញុំចូលហង្សមាសគឺជាកំហុស។ វាមិនមែនជាកំហុសឡើយ ព្រោះវាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏មិនស្ដាយក្រោយនឹងការសម្រេចចិត្តរបស់ខ្ញុំដែរ។ ការចាកចេញនេះមិនមែនជាការចុះចាញ់ ឬបរាជ័យ តែវាជាការចាកចេញដើម្បីបន្តដំណើរទៅមុខ ស្វែងរកគោលដៅ និងក្ដីស្រមៃថ្មីមួយ។ ខ្ញុំសូមអរគុណដល់លោកនាយក អ្នកគ្រប់គ្រង ក្រុមការងារនៃក្រុមហ៊ុនហង្សមាសទាំងអស់ ដែលបានសហការយ៉ាងល្អ។ ខ្ញុំសង្ឃឹមថា នឹងបានធ្វើការជាមួយអ្នកទាំងអស់គ្នាម្ដងទៀត”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor