Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយទៀតហើយ ​ដែលបណ្ដាល​ឲ្យបុរស​ម្នាក់ ​បានបោកបែកនឹងថ្នល់ធ្លាយខួរ​ស្លាប់ ​យ៉ាង​អាណោចអាធ័ម​ នៅ​កណ្ដាល​ទ្រូង​ផ្លូវ​ កាលពី​វេលា​ម៉ោង​២៖០០​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​៨​ ខែ​មីនា​ ឆ្នាំ​២០១៨ ​​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​មុខច្រកចូល​មន្ទីរ​ពេទ្យ​ជោរៃ​ភ្នំពេញ​ ក្នុង​សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ សោម​ ស៊ីមន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មានទីលំនៅ​អចិន្ដ្រៃយ៍​ ស្ថិត​នៅ​ក្នុង​ភូមិ​កោះប្រាក់​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ បើកបរ​ម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Suzuki Smash ស៊េរីឆ្នាំ២០០៥​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​កណ្ដាល​ 1C-0155 ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​។

បើតាម​សាក្សី​ដែល​ជាអ្នកឃើញហេតុការណ៍ផ្ទាល់ និងជាមិត្តភក្តិជនរងគ្រោះ​ ដែល​បើកបរ​ម៉ូតូ​មកតាមក្រោយ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា​ ដំបូងឡើយកាលពីវេលាល្ងាចថ្ងៃទី​៧​ ខែ​មីនា​ ឆ្នាំ​២០១៨​ គាត់នឹងជនជនរងគ្រោះ ​បានទៅចូលរួមពិធីជប់លៀងនៅ​កន្លែង​ធ្វើការ​ រហូតទាល់តែកណ្ដាល​អធ្រាត្រ​ ទើប​ត្រលប់​ទៅផ្ទះ​វិញ ដោយបានជិះ​ម៉ូតូ​រៀងខ្លួន​ ចំណែករូបគាត់ក៏បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ តាមផ្លូវជាមួយគ្នា​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​ លុះមកដល់​កន្លែង​កើត​ហេតុ ជាអកុសល​ស្រាប់តែ​ជនរងគ្រោះ ​ដែលជិះ​ម៉ូតូ​ Suzuki Smash ស៊េរី​ឆ្នាំ២០០៥​ ពណ៌​ខ្មៅ​ ក្នុង​ល្បឿន​យ៉ាងលឿន ​ក៏រេ​ចង្កូត​ទៅ​បុក​ខឿនពុះចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យបោក​បែកពេញទំហឹងធ្លាយខួរស្លាប់ភ្លាមៗ​ នៅហ្នឹងកន្លែង​កើត​ហេតុ​ គួរឲ្យអាសូរ។ ហើយគាត់ក៏បានទាក់ទងទៅប្រាប់សាច់ញាតិជនរងគ្រោះ ឲ្យបានដឹងភ្លាមៗតែម្ដង។

ក្រោយពីលឺដំណឹងដ៏រន្ធត់នេះភ្លាម ​បងប្អូនក្រុមគ្រួសារ ក៏បានធ្វើដំណើរមកដល់កន្លែងកើតហេតុ រត់ចុះមកស្រែកត្រហ៊ោយំក្ដុកក្ដួលក្នុងចិត្តគ្រប់ៗគ្នា សោកស្ដាយ​ អាឡោះអាល័យ​ ចំពោះការបាត់បង់សាច់ញាតិ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើដងផ្លូវបែបនេះ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ជំនាញ​ចរាចរណ៍​បានធ្វើការ​វាស់​វែង​ រួចធ្វើកំណត់ហេតុ​ប្រគល់​សាកសព​ទៅឲ្យក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាមប្រពៃណីនៅផ្ទះ ស្ថិត​នៅ​ក្នុង​ភូមិ​កោះប្រាក់​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​។

(សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ដោយការគោរពរាប់អាន​ពី CAM POST )៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor