
នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នេះ ក្នុងឱកាសថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ ខួបលើកទី១០៧ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងពីបទក្បត់ជាតិក៏ បានផ្ញើសារជូនពរដល់ស្ត្រីខ្មែរទាំងអស់ឲ្យបានជួបនូវសេចក្តីសុខសុភមង្គល ពិសេសភរិយារបស់លោក គឺលោកស្រី តែ ច័ន្ទមនោ ដែលបានធ្វើដំណើរទៅមកដើម្បីសួរសុខទុក្ខលោកក្នុងពន្ធនាគារ គិតមកដល់ពេលនេះគឺ៦៧ដង ចម្ងាយធ្វើដំណើរសរុបគឺប្រមាណ ២៦ ៩០០ គីឡូម៉ែត្រ។
ចំណែកឯ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ញើញចូលរួមពី បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ជាពិសេសបណ្តាញអ្នកធ្វើការងារ ទាក់ទងនឹងសិទ្ធិស្ត្រី។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទក្បត់ជាតិ។