
លោក អ៊េង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅបរទេស បានឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់ថា លោក សម រង្ស៊ី ចុះហត្ថលេខាកាត់៤ខេត្តឱ្យវៀតណាមថា៖ នៅក្នុងកិច្ចព្រមព្រៀងដែល សម រង្ស៊ី និង កុក ស ចុះហត្ថលេខាជាមួយគ្នា រកមើលពាក្យសរសេរថា " កាត់ខេត្តខ្មែរឲ្យយួន " មិនឃើញសោះ !!!
ការឆ្លើយតបនេះធ្វើឡើងក្រោយពីមានការចុះផ្សាយពីការចុះហត្ថលេខារវាងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និង លោក កុក ស មេដឹកនាំយួនជាជនជាតិដើមភាគតិច Degar កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣។
មាត្រា៥ នៃកិច្ចព្រមព្រៀងនេះ ក៏បានបញ្ជាក់ផងដែរថាជនជាតិយួនដែលជាជនជាតិដើមភាគតិច Degar នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវិតនយោបាយ ( គឺក្នុងន័យថា បើគាំទ្រគណបក្សសង្គ្រោះជាតិ)។
ម៉្យាងវិញទៀតក្នុងវីដេអូ លោក សម រង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព។
