
តាកែវ ៖ កូនប្រុសអកតញ្ញូម្នាក់ដែលប្រើប្រាស់ថ្នាំញៀនវង្វេងវង្វាន់«បែកថ្នាំ»បានសងគុណឪពុកម្ដាយ តាមរយៈទាញកាំបិតដេញកាប់អ្នកមានគុណ តែសំណាងល្អ ពួកគាត់បានរត់គេចខ្លួនទាន់និងបានប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនកូនរមើលគុណនេះបានភ្លាមៗតែម្ដង។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍កូនអកតញ្ញូញៀនថ្នាំបដេញកាប់ម៉ែឪនេះបានកើតឡើងនៅថ្ងៃ០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង២៥នាទីនៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ក្រោយធ្វើសកម្មភាពសមត្ថកិច្ចបានចុះទៅចាប់ខ្លួនជនសង្ស័យ បន្ទាប់ពីទទួលពាក្យបណ្ដឹងផ្ទាល់មាត់របស់ឈ្មោះអ៊ុក យ៉ន ភេទប្រុស អាយុ៥៤ឆ្នាំត្រូវជាឪពុកជនសង្ស័យបានប្រាប់ថា ជនសង្យ័យជាកូនមានឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំរស់នៅជាមួយគ្នាបានប្រដាប់ដោយកាំបិតកញ្ចែត ធ្វើសកម្មភាពដេញកាប់ឪពុកម្ដាយគំរាមថានឹងថាសម្លាប់ តែត្រូវពួកគាត់រត់គេចរួច ហើយជនសង្ស័យខឹងកាប់ម៉ែឪមិនបានក៏វាយពាងបែកមួយនិងវៃកៅអីអង្គុយចំនួន០២។ បើតាមសមត្ថកិច្ច មូលហេតុដែលកូនដេញកាប់ឪពុកម្ដាយនេះគឺដោយជនសង្ស័យបានប្រើប្រាស់សារធាតុញៀននិងបានវង្វេងស្មារតីលែងស្គាលអ្នកមានគុណដែលបានបីបាច់ថែរក្សាចញ្ចឹមខ្លួនរហូតដល់វ័យជំទង់។

ចំណែកឪពុកម្តាយជនសង្ស័យវិញបានប្រាប់ដែរថា កូនគាត់ដែលជាមនុស្សញៀនថ្នាំនេះបានគំរាមសម្លាប់ពួកគាត់ជាញឹកញប់និងបានវាយបំផ្លាញទ្រព្យក្នុងផ្ទះអស់ជាច្រើនមកហើយទើបពួកគាត់សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យធ្វើតាមផ្លូវច្បាប់តែម្តងទៅដើម្បីកុំឲ្យមានគ្រោះភ័យទៅថ្ងៃមុខ។ បច្ចុប្បន្នជនសង្ស័យក្នុងករណីនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕

