
លោក មុត ចាន់ថា ជំនួយការឯកឧត្តម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា៖ បើសិនជាចារបុរស ឬចារនារីពិត ម្លេះគេមិនបង្ហាញអត្តសញ្ញាណនោះទេ។ មានតែហេតុផលបីទេដែលគេអាចទម្លាយអត្តសញ្ញាណរបស់ចារបុរស ឬចារនារី គឺ ទី១- លាបពណ៌បង្ខូចឈ្មោះ ទី២- មិនព្រមធ្វើជាចារបុរស ឬចារនារី និង ទី៣- ចារបុរស ឬចារនារីរត់ចោល ឬក្បត់ រួចទម្លាយអាថ៌កំបាំង ដូចជាភ្នាក់ងារចារកម្ម KGB របស់រ៉ុស្ស៉ី ដែលចុះចូលជាមួយអង់គ្លេស ហើយត្រូវបានបំពុលកាលពីពេលថ្មីៗ នៅចក្រភពអង់គ្លេស។
លោក មុត ចាន់ថា បញ្ជាក់ថា៖ សាច់រឿងល្ខោន និងតួសម្តែងដដែលទេ ដូច្នេះពុំមានអ្វីត្រូវភ្ញាក់ផ្អើល និងសង្ស័យទេ!

សូមបញ្ជាក់ថា៖ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន បានទម្លាយអាថ៌កំបាំងរបស់លោក ជុន ច័ន្ទបុត្រ និងរឿង សពលោក កែម ឡី ខណៈប្រពន្ធលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងលោក ជុន ច័ន្ទបុត្រ កំពុងស្នាក់នៅអូស្ត្រាលីស្រាប់។ សម្តេចតេជោបញ្ជាក់ថា ជុន ច័ន្ទបុត្រ បានទៅជួប ម៉ៅ សុផាន់ មុនពេលជួប ហ៊ុន ម៉ាណែត ដើម្បីឲ្យការពារខ្លាចអាមេរិកសម្លាប់ដូច កែម ឡី ហ៊ានស្បថអត់? មានបញ្ហារត់ចេញពីប្រទេសមកប្រទេសក្រៅ។ អ្នកបញ្ជូនរឿងនេះមកខ្ញុំគឺកូនខ្ញុំ។ ខ្ញុំនិយាយនៅនេះ ទាល់ពេល ជុន ចាន់បុត្រ និងប្រពន្ធ កែម ឡី នៅទីនេះ”។
ជាការឆ្លើយតប លោក ជុន ច័ន្ទបុត្រ ជាអនុប្រធានវិទ្យុអាស៊ីសេរី បានបបួលសម្តេច ហ៊ុន សែន ចូលពិភាក្សាក្នុងវេទិការអ្នកស្តាប់វិទ្យុអាស៊ីសេរី ដើម្បីសួរដេញដោលទាក់ទងនឹងបញ្ហានេះ។


