Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅវេលាម៉ោង​៧៖២០នាទីព្រឹក ថ្ងៃទី២ ខែមីនានេះ ពិធី​ដង្ហែក្បួន​អ្នក​តា​ទ្រង់ទ្រាយធំ បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ នៅ​​បរិវេណជុំវិញផ្សារ​អូរឫស្សី។ ​គ្រប់​អ្នក​តា ​បាន​ចូល​សន្ថិតលើរូបស្នង(មនុស្ស) ហើយ​​ប្រជាជន​ខ្មែរ​ ជាប់​សែស្រឡាយ​ចិន ដែល​ជឿ​លើ​ពិធី​នេះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​មក​មើល​ និង បាន​សុំ​យ័ន​ ដែល​មានប្រឡាក់​ឈាម​ ក្រោយ​ពី​អ្នក​តា​អា​រ​អណ្ដាត​ ហើយ​ផ្ដិត​ជាប់​យ័ន​យក​មក​បិត​មុខ​ផ្ទះ ដែលគេ​មាន​ជំនឿ​ថា ការ​ពារ​ផ្ទះពីខ្មោចព្រាយបិសាច និងនាំមកនូវសេចក្ដី​សុខ។

ពិធី​ហែអ្នកតា រួម​នឹង​ការ​សម្ដែង​ម៉ុងសាយ​ របស់ជ​នជាតិ​ចិន-វៀតណាម គឺ​ស្រដៀង​ទៅ​នឹង​ពិធី​រាំ​របាំត្រុដិ ដែល​ជារបាំ​ប្រពៃណី​របស់ខ្មែរ ដែល​គេ​ជឿ​ថា ជួយ​ដេញ​ឧបទ្រព​ចេញ​ពី​ផ្ទះ ហើយ​នាំ​យក​មក​វិញ ​នូវ​សេចក្ដី​សុខ សប្បាយ​ និងរក​ស៊ី​មាន​បាន។

ដោយឡែក ឆ្នាំនេះមានមនុស្សរាប់ពាន់នាក់ អម​ដោយ​រថយន្ត​ជាច្រើន​គ្រឿង ដែល​ដឹក​អ្នក​ហែហម​អ្នក​តា បាន​តម្រៀប​ជាជួរ​ខាង​កើត​​ផ្សារ​អូរឫស្សី​ ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​បាន​កក​ស្ទះ​ចាប់​ពី​ម៉ោង៧ព្រឹកនេះ រហូតទៅ និងមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍នៅតាមផ្លូវផ្សេងៗផងដែរ។ ពិធី​ហែអ្នកតា​គឺ ​មាន​រយៈ​ពេល៣ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​នេះ ដែល​ផ្ដើម​ចេញ​ពី​ម្ដុំ​​ផ្សារ​អូរឫស្សី។

ប្រជាជន​ខ្មែរ ​ដែល​មាន​សែស្រឡាយ​ចិន​ ជឿ​លើ​ពិធី​នេះ ប្រាប់ Cam Post ថា ​នៅម្ដុំផ្សារ​អូរឫស្សី​ គឺជា​បណ្ដុំ​អ្នក​តា​ធំ​មួយ​ដែរ ដូច្នេះ​ហើយ​រាល់​ឆ្នាំ ពិធី​នេះ ​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៅ​ទី​នេះ។

អ្នក​ជាប់​សែស្រឡាយ​ចិន​ បងប្អូន​អាជីវករ​មួយចំនួន​ កំពុង​ត្រៀម​ធូប​ទៀន និងក្រដាស​សែន ផ្លែឈើ​សែន ព្រមទាំង​ទឹកមន្ត និងអាំងប៉ាវ ត្រៀម​ទទួលស្វាគមន៍​អ្នក​តា​ ដែល​ដើរ​​ចូល​​តាម​ផ្ទះ​ ហើយ​អ្នក​តា​នឹង​ជួយ​ប្រោះព្រំ​ដល់​ម្ចាស់​ផ្ទះ​ឲ្យ​មាន​សេចក្ដី​សុខ រកស៊ីមានបាន​ នៅព្រឹកនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor