
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមានធ្វើបាតុកម្មករណីលុបឈ្មោះគ្រូបង្រៀន១៣រូប បើក្រសួងមិនអនុញ្ញាតឱ្យគ្រូបង្រៀនទាំងបីនាក់ចូលបម្រើការវិញ
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើសន្និសីទសារព័ត៌មាន ករណីលុបឈ្មោះ លោក រ៉ុង ឈុន និងគ្រូបង្រៀន១២រូបផ្សេងទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងថា៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលុបឈ្មោះគ្រូបង្រៀងសរុប១៣នាក់ ដែលភាគច្រើនជាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ត-ក្រុង របស់ អតីគណបក្សសង្គ្រោះជាតិ ចេញពីក្របខណ្ឌមន្ត្រីរាជការ។ លោកបន្ថែមថា នេះជាការសងសឹក ការរើសអើងនយោបាយ និងធ្វើខុសនីតិវិធីច្បាប់។
អតីតសមាជិក គ.ជ.ប បានព្រមានថា៖ ចុងក្រោយ យើងធ្វើតាមនីតិវិធី អាចឈានប្តឹងទៅតុលាការដើម្បីទាមទារផ្នែករដ្ឋបាល យើងអាចឈានទៅដល់បាតុកម្មឈរនៅមុខក្រសួងអប់រំ លើកបដា ទាមទារនូវអ្វីជាសិទ្ធិរបស់យើង ចង់បានយុត្តិធម៌មួយ ចង់បានការបំភ្លឺដ៏ជាក់លាក់មួយ។ ការបញ្ឈប់បញ្ញាវន្ត គ្រូបង្រៀន១៣រូប មិនមែនជារឿងតូចទេ។ ការធ្វើបាតុកម្មនេះ គឺទាមទារឱ្យក្រសួងទទួលយកគ្រូបង្រៀនទាំង១៣រូប ចូលបម្រើការងារវិញ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា៖ ក្រោយពីសន្និសីទ សមាគមបានដាក់លិខិត២ដាច់ដោយឡែកពីគ្នា ទៅសម្តេច ហ៊ុន សែន និងទៅតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ឱ្យជួយអន្តរាគមន៍ផងដែរ។


