
នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា៖ ស្នងការរង (បងប្រុសលោក ឡាយ វណ្ណៈ) និងនគរបាលសរុប៨នាក់ ត្រូវបានហៅមកសួរនាំឡើងវិញ ពាក់ព័ន្ធស្ដ្រីម្នាក់ចងកសម្លាប់ខ្លួន នៅក្រុងដូនកែវ...នេះមិនបូកបញ្ចូលករណី (បងប្រុសលោក ឡាយ វណ្ណៈ) ជាមេក្លោងរត់ការអោយបទល្មើសឈើឆ្លងទៅវៀតណាមផង។

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ឲ្យដឹងថា៖ មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ ក្នុងនោះមានទាំងស្នងការរងម្នាក់ ឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ (បងប្រុសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ) ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ ក្នុងករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។

ការកោះហៅមន្ដ្រីនគរបាលខេត្តតាកែវ ទាំង៨នាក់ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានបញ្ចប់មុខតំណែងពីអភិបាលខេត្ត។
គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃនេះ មន្ដ្រីនគរបាលទាំង៨រូប កំពុងស្ថិតក្រោមការសួរនាំនៅឡើយ ពាក់ព័ន្ធករណីមួយនេះ។
សូមជម្រាបជូនថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។

ប៉ុន្ដែប្រភពព័ត៌មាន សេចក្ដីរាយការណ៍ និងមជ្ឈដ្ឋានមួយចំនួន ដែលអង្គភាពព័ត៌មានក្នុងស្រុក ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕

