
ភ្នំពេញៈ រដ្ឋសភាកម្ពុជា ដែលជាសមាជិកសហភាពអន្តរសភា(IPU)មិនចូលរួមប្រជុំ IPU នោះទេ ព្រោះកម្ពុជាកំពុងរវល់រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋសភា បានឲ្យដឹងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា កម្ពុជាមិនបានបញ្ជូនគណៈប្រតិភូចូលចូលរួមកិច្ចប្រជុំ IPU កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៨ ដោយសារខ្លាចខ្មាសគេ។
លោក ឡេង ប៉េងឡុង នៅថ្ងៃទី២៩ មីនា បានបញ្ជាក់ថា «ហេតុអ្វីបានជាយកចិត្តទុកដាក់ចំពោះខ្មោចនយោបាយនឹងម្ល៉េះ។ ខ្ញុំបានព្រមាន IPU រួចហើយថា ប្រសិនបើ IPU ទទួលយកពួកនឹង ទំនាក់ទំនង យើងនឹងI PU នឹងត្រូវគិតជាថ្មី។ ឆ្នាំនេះយើងមិនបានបញ្ជូនទៅចូលរួមប្រជុំ ព្រោះយើងជាឆ្នាំបោះឆ្នោត សមាជិកសភាយើងរវល់ប្រទេសណាក៏គេនិយាយអីចឹងដែរ បើគេរវល់បោះឆ្នោត គេមិនគិតនោះទេ»។
លោកបន្តថា ការមិនចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំសហភាពអន្តរសភា IPUនេះ មិនសំខាន់នោះទេ ព្រោះថាបើប្រទេសណាមួយរវល់គេមិនបានចូលរួមក៏គ្មានបញ្ហាដែរ។ លោកថា ការមិនចូលប្រជុំនេះក៏មិនមានបញ្ហានោះដែរ ព្រោះថាកម្ពុជាបានបង់ថវិកាវិភាគទានហើយ ក៏គ្មានបាត់បង់សិទ្ធិនោះដែរ។
លោកបញ្ជាក់ថា «ប្រសិនបើ IPU ទទួលពួក សម រង្ស៊ី យើងនឹងធ្វើការឆ្លើយតប ព្រោះរឿងនេះមិនមែនលេងៗទេ។ យើងជាអ្នកបង់លុយ មិនមែន សម រង្ស៊ី បង់លុយទេ»។
លោកបានបកស្រាយចំពោះការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាមិនគេវេសក្នុងការចូលរួមប្រជុំIPUនោះទេ។ ប្រ ទេសណាក៏គេធ្វើអីចឹងដែរ នៅពេលគេរវល់គេមិនចូលរួមទេ ព្រោះកិច្ចប្រជុំនោះក៏មិនសំខាន់ដែរ។
យ៉ាងណាក្តីបើតាមលោក ឡេង ប៉េងឡុង បានឲ្យដឹងចំពោះកិច្ចប្រជុំនេះ ភាគីកម្ពុជាបានឆ្លើយទៅកាន់សហភាពអន្តរសភារួចហើយថា មិនចូលរួមប្រជុំទេ ព្រោះកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

អ្នកនំាពាក្យរដ្ឋសភារូបនេះ បានឲ្យដឹងថា ភាគីកម្ពុជាដែលចូលរួមនោះ គឺជាសមាជិករដ្ឋសភា ព្រឹទ្ធសភា ចំណែកលោកស្រី ជូ ឡុងស៊ូម៉ូរ៉ា ប្រពន្ធលោក សម រង្ស៊ីនោះ មិនមែនមានសិទ្ធិចូលរួមប្រជុំនោះទេ ព្រោះថាលោកស្រីត្រូវបានបាត់ជាសមាជិករដ្ឋសភាទៅហើយ។
លោក ឡេង ប៉េងឡុង ក៏បានគូសបញ្ជាក់ថា បើលោកស្រី ជូ ឡុងស៊ូម៉ូរ៉ា ទៅចូលរួមប្រជុំ IPU នោះសភាកម្ពុជា និងធ្វើតវ៉ាទៅកាន់ IPU ដោយឲ្យ IPU ទារលុយវិភាគទានពីលោកស្រី ជូឡុង ស៊ូម៉ូរ៉ា។ ថវិកាវិភាគទានសម្រាប់សមាជិក IPU ត្រូវបានលោកឡេង ប៉េងឡុងឲ្យដឹងថា កម្ពុជាក្នុងមួយឆ្នាំត្រូវបង់ប្រមាណ២ម៉ឺនទៅ៣ម៉ឺនដុល្លារ។

លោកបញ្ជាក់ថា «យើងនឹងតវ៉ាទៅIPU បើសិនទទួលអ្នកក្រៅច្បាប់ ឬអ្នកជាប់ទោស ដោយតុលាការបានកាត់ទោសរួចហើយ។ តើ IPU មានសិទ្ធិអ្វីទៅទទួលពួកនឹង ដែលមិនមែន អ្នកតំណាងរាស្ត្រ ហើយមានទោសទៀត។ បើ IPU ទទួលយកលុយពីគេទៅ»។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនំាពាក្យរដ្ឋសភានេះ បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃទី២៨ មីនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំតំណាងរដ្ឋសភា និងព្រឹទ្ធសភាមកពី ១៧៣ ប្រទេស ទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯកច្ឆន្ទ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ហើយចូលរួមក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០១៨នេះ។
លោកបន្តថា គណៈប្រតិភូប្រទេសកម្ពុជា បានគេចវេស មិនហ៊ានចូលប្រជុំជាមួយគេទេ ដោយសារខ្មាសគេពេក៕

