Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកូរ៉ូឡាមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បានបុកម៉ូតូមួយគ្រឿង ឲ្យរងរបួសស្រាល ហើយព្យាយាមបើករត់ទៅបុកពីក្រោយបុរសជាសន្តិសុខម្នាក់ កំពុងជិះកង់ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច និងម្នាក់ទៀត ស្លាប់ក្រោយបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧៖៥០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ ខាងជើងស្តុប២៤ម៉ោង ស្ថិតក្នុងភូមិបាយាប សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ដួង ចាន់ អាយុ៥០ឆ្នាំ ភេទប្រុស មុខរបរសន្តិសុខក្រុមហ៊ុន LFBRA រស់នៅភូមិសំរោង សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2G- 9530 បើកបរឈ្មោះ សុខ វណ្ណា អាយុ៣៦ឆ្នាំ សង្ស័យស្រវឹង។

ប្រជាជនបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្ក បើកតាមផ្លូវកប់ស្រូវ បានបុកម៉ូតូ១គ្រឿង រងរបួសបន្តិចបន្តួច តែមិនឈប់ដោះស្រាយទេ ក៏បន្ថែមល្បឿន បត់មកផ្លូវហាណូយ ទិសដៅពីជើងមកត្បូង។ ខណៈមកដល់មុខហាងលក់គ្រឿងសំណង់ វេង ហ៊ួត ក៏បុកសន្តិសុខអ្នកជិះកង់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបន្តថា រថយន្តក៏បន្តបើករត់ទៅមុខទៀត បុករ៉ឺម៉កលក់ផ្លែឈើរងរបួសបន្តិចបន្តួច នៅតែបើករត់ទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AZ-9697 បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ទៀត ហើយមិនទាន់អស់ល្បឿន ជ្រុលបុកអ្នកដើរឆ្លងផ្លូវនៅមុខសាលាសង្កាត់គោកឃ្លាង ជាបុរសកម្មករសំណងម្នាក់ ដែលទើបទិញមាន់ដុតយកទៅក្លែម បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង និងជនបង្ក ត្រូវបានប្រជាជនឃាត់ ហើយស្វាគមន៍ដោយកណ្តាប់ដៃរន្ទះជើងហើមមុខហើមមាត់។

ក្រោយពេលកើតហេតុផ្អើលអស់ទាំងក្រុង សមត្ថកិច្ចបានចាប់ជនបង្កឈ្មោះ សុខ វណ្ណា អាយុ៣៦ឆ្នាំ យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំជំនាញចរាចរណ៍ក្រុងមកយក។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor