header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចជំនាញ បានដោះលែងបុរស២នាក់ ឲ្យមានសេរីភាពវិញហើយ ក្រោយពីបានឃាត់ខ្លួនកាលពីយប់មិញ ដោយសង្ស័យពាក់ព័ន្ធករណីប្រើអំពើហិង្សាលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្តែសមត្ថកិច្ចបញ្ជាក់ថា នៅតែតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ប៊ុន សត្យា ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃពុធ ១៣រោច​ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនានេះថា ជនសង្ស័យពីរនាក់ ដែលសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួនកាលពីយប់មិញនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ លោកថា បុរសទាំង២នាក់ ត្រូវបានដោះលែងវិញភ្លាមៗ ក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយរកឃើញថា ពួកគេមិនពាក់ព័ន្ធការប្រើហិង្សាលើលោក ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យកម្ពុជានោះ។

ទោះជាយ៉ាងណា លោក ប៊ុន សត្យា បញ្ជាក់ហើយថា សមត្ថកិច្ចនៅតែបន្តនីតិវិធី ក្នុងការស្រាវជ្រាវ និងតាមចាប់ខ្លួនឲ្យខានតែបាន ចំពោះក្រុមជនបង្កហិង្សាដ៏សាហាវលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈដែលបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។

ពាក់ព័ន្ធការឃាត់ខ្លួនបុរសទាំង២នាក់ខាងលើនេះ មានការផ្សាយថា ពួកគេជាសន្តិសុខប្រចាំសាលាខណ្ឌដូនពេញ ប៉ុន្តែត្រូវបានប្រធានសណ្ដាប់​ធ្នាប់ខណ្ឌដូនពេញ លោក គឹម វត្ថា បដិសេធថា បុរសទាំងពីរនាក់នោះ មិនមែនជាសន្តិសុខរបស់ខណ្ឌឡើយ ពោល គឺពួកគេគ្រាន់តែជាជាងជួសជុលម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ។ តែលោកថា អ្នកទាំងពីរ ជាបងប្អូនជីដូនមួយនឹងឈ្មោះ ភាជ គឹមហាក់ ដែលជាជនបង្កហិង្សាលើលោក ស៊ុយ សារ៉េត។

គួរជម្រាបថា កាលពីថ្ងៃអង្គារយប់មិញនេះ បុរសពីរនាក់ ដែលគេអះអាងថា ជាសន្តិសុខសាលាខណ្ឌដូនពេញ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅប៉ុស្ដិ៍នគរបាលស្រះចក រួចបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិសស្រាលក្រុងភ្លាមៗ ដោយសង្ស័យថា ពួកគេបានប្រើអំពើហិង្សាលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត កាលពីចុងសប្ដាហ៍កន្លងទៅ។ យ៉ាងណា ភ្លាមៗនោះ មិនមានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនទាំងនោះឡើយ។

ជុំវិញករណីប្រើអំពើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យកម្ពុជានេះ កូនស្រីរបស់លោកសាស្ត្រាចារ្យ បានសម្រេចប្ដឹងក្រុមជនបង្កហិង្សាវាយដំទៅលើឪពុករបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯក្រៅប្រទេស ដោយទាមទារឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនបង្ក និងទាមទារសំណងជាទឹកប្រាក់ប្រមាណ១២០០លានរៀល ឬប្រហែល៣០ម៉ឺនដុល្លារ។

ដោយយោងតាមពា្យបណ្ដឹងរបស់មេធាវី ឈី សម្បត្តិ បានប្ដឹងទាមទារពីរចំណុច រួមមាន ១/ សុំស្រាវជ្រាវអំពីសាវតារបស់ក្រុមជនបង្ក ដើម្បីស្វែងរកចាប់ខ្លួនឲ្យមកទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និង២/ សុំទាមទារសំណងជួសជុលការខូចខាត ថ្លៃថ្នាំព្យាបាល ការខាតបង់ពេលវេលា និងសំណងជំងឺចិត្តសរុបចំនួន១,២០០,០០០,០០០ (មួយពាន់ពីររយលាន)រៀល។

គួរបញ្ជាក់ថា កញ្ញា សារ៉េត សុផាធិតា​ពេជ្រ កូនស្រីលោក ស៊ុយ សារ៉េត បានពឹងពាក់លោកមេធាវី ឈី សម្បត្តិ ការពារក្ដីជូនឪពុករបស់ខ្លួន ដែលអះអាងថា បានរងគ្រោះដោយការប្រើអំពើហិង្សាលើលោកសាស្ត្រាចារ្យ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករថយន្តគេចពីការទទួលខុសត្រូវនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កភាពរំជើបរំជួលយ៉ាងខ្លាំងដល់សង្គមកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post