header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយការលេចធ្លាយរឿងលោក សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយ លោក កុក ស មេដឹកនាំយួន ជាជនជាតិដើមភាគតិច Degar កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣ ហើយផ្សាយជាសាធារណៈ កាលពីថ្ងៃទី៧ មីនាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ននេះ បានចាត់តាំងឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវលើករណីនេះ ឲ្យបានម៉ត់ចត់ ព្រោះជាអំពើក្បត់ជាតិ មិនអាចលើកលែងឲ្យទេ ។

តាមរយៈឯកសារសម្ងាត់នោះ បានបង្ហាញទៀតថា លោក សម រង្ស៊ី បានចុះហត្ថលេខា ជាមួយមេដឹកនាំយួនសេរី ជាជនជាតិម៉ុងតាញ៉ាយួន ដែលបានសន្យាថា បើខ្លួនឈ្នះឆ្នោត បានកាន់អំណាចខ្លួននឹងអនុញ្ញាតឲ្យយួនសេរី មកបោះទីតាំងនៅខេត្តខ្មែរចំនួន៤ គឺក្រចេះ, ស្ទឹងត្រែង, រតនគីរី និងមណ្ឌលគីរី ឲ្យពួកយួនសេរី រស់នៅនិងធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេទៅកោះប៉ែន នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ បានថ្លែងថា ឥឡូវរកឃើញអ្នកដែលសន្យាកាត់ដីឲ្យវៀតណាម៤ខេត្ត នៅពេលដែលឈ្នះឆ្នោត ហើយរឿងនេះ មិនមែនជារឿងតូចទេ ខ្លួនឯងជាអ្នកសន្យាតែបែរជាមកចោទសម្តេចថា ជាអាយ៉ងវៀតណាម ជាអ្នកកាត់ទឹកដីឲ្យវៀតណាមទៅវិញ ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ក្រោយមានការលេចធ្លាយវិដេអូ លោក សម រង្ស៊ី លួចចរចាជាមួយជនជាតិម៉ុងតាញ៉ា ដោយសារភ័យពេកពួកគេបានរៀបចំជាឃ្លីបវិដេអូមួយចេញមកបកស្រាយ ប៉ុន្តែលោក កុក ស នោះមិនចេះភាសាខ្មែរមួយម៉ាត់ ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ឥឡូវចេញមកទទួលស្គាល់ហើយតើ អាឃ្លីបវិដេអូ ឯកសារហ្នឹងចុះហត្ថលេខាវាត្រឹមត្រូវហើយ ហើយ កុក ស មិនមែនជាខ្មែរផង បើអ្នកឯងជាខ្មែរ ម៉េចបានខ្មែរ នឹងចុះហត្ថលេខាជាមួយគ្នា” ។

សម្តេចតេជោ បានចាត់តាំងឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវលើករណីនេះ ឲ្យបានច្បាស់លាស់ ព្រោះរឿងនេះ ជារឿងក្តីធំ ជាអំពើក្បត់ជាតិ ហើយគ្មានអ្នកណាម្នាក់ មានសិទ្ធិកាត់ដីកម្ពុជា ឲ្យជនបរទេសទេ ។

បន្ទាប់ពីមានការទំលាយនូវឯកសារនេះរួចមក នៅថ្ងៃទី១២ មីនា ក៏មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះថា ទីប្រឹក្សានគរ បានទម្លាយរូបភាព និងខ្លឹមសារសម្ងាត់ក្នុងជំនួបរវាងលោក សម រង្ស៊ី និងអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីជាង១០ឆ្នាំមុន ដោយបានជជែកពិភាក្សាគ្នា ក្នុងការជួយសម្រួលផ្តល់សិទ្ធិ ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នៅពេលគណបក្សប្រឆាំងកាន់កាប់អំណាចដឹកនាំប្រទេស ។

ចំណុចនេះ សម្តេចលើកឡើងថា សម្តេចភ្ញាក់ផ្អើលជាខ្លាំង ក្នុងឋានៈត្រឹមឧបនាយករដ្ឋមន្រ្តី ឋានៈរដ្ឋមន្រ្តីក្រសួងការបរទេស ទៅលួចចរចាស្ងាត់ៗ ជាមួយអតីតមេបក្សប្រឆាំងនៅកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post