Sponsor
រិទ្ធី

នៅ​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោក លូ កាង ( Lu Kang) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានបញ្ជាក់​ពី​ជំហរ​ជាថ្មី​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​វត្តមាន​នាវា​ដឹក​ហោះ​អាមេរិក​មកកាន់​វៀតណាមដែលជា​ភាគី​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​នោះ ថាមិន​មែន​ជាការគំរាមកំហែង​សន្តិសុខ​ទៅលើ​ចិន​នោះទេ។ 

អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា៖ យើង(រដ្ឋាភិបាលចិន)គ្មាន​បញ្ហា​អ្វី​ឡើយជាមួយនឹង​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដែលមាន​ការអភិវឌ្ឍ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ធម្មតា​ជាមួយនឹង​គ្នា​នោះ។ យើងក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ទាំងនោះ អាច​ចូលរួម​រក្សា​សន្តិភាព ស្ថិរភាព និង​ភាពរុងរឿង​នៅក្នុង​តំបន់​។ 

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហាក់​បង្ហាញ​ជំហរ​ស្ងៀមស្ងាត់​មិនសូវ​ជា​អើពើ​ចំពោះ​វត្តមាន​របស់​នាវា​ដឹក​យន្តហោះ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​វៀតណាម​ជា​លើកដំបូង​ប៉ុន្មាន​ឡើយ​។ សម្រាប់​ក្រុង​ប៉េកាំង អ្វីដែល​ខ្លួន​ចង់ឃើញ​នោះ គឺ​ការចូលរួម​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ពី​បណ្តា​ប្រទេស​ទាំងអស់ ដោយ​មិន​ត្រឹមតែ​ក្រុង​វ៉ាស៊ីនតោន​នោះទេ។
​តាមពិតទៅ នេះ មិនមែនជា​លើកដំបូង​ឡើយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បង្ហាញ​ជំហរ​មិនសូវ​ដាក់​ទម្ងន់​លើ​វត្តមាន​យោធា​អាមេរិក​នៅ​វៀតណាម ពោលគឺ ជំហរ​នេះ ចិន ធ្លាប់បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ម្តង​រួចហើយ​នៅពេលដែល អាមេរិក និង​វៀតណាម បាន​ព្រមព្រៀងគ្នា​លើកដំបូង​ក្នុងការ​អនុញ្ញាត​ឲ្យ​នាវា​ដឹក​យន្តហោះ​អាមេរិក​ទៅកាន់​វៀតណាម​នោះ ។ 

​សូមបញ្ជាក់ថា កាលពីថ្ងៃ​០៥ ខែមីនា ឆ្នាំ២០១៨ នាវា​ដឹក​យន្តហោះ​ចម្បាំង​ទម្ងន់​ជាង១០​ម៉ឺន​តោន USS Carl Vinson បាន​ចូល​ចត​នៅ​កំពង់ផែ​ដា​ណា​ង ប្រទេស​វៀតណាម ។ នេះជា​លើកដំបូង​បំផុត​ហើយ ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​មាន​វត្ត​មាននៅ​វៀតណាម​រាប់​ចាប់ពី​សង្គ្រាម​វៀតណាម​បិទ​បញ្ចប់ទៅ​ឆ្នាំ១៩៧៥​។​ ​យោងតាម​ការអះអាង​របស់មេបញ្ជាការ​កង​នាវាចរណ៍​របស់​អាមេរិក គឺ​ថាវត្តមាន​របស់​កង​នាវា​អាមេរិក​នៅ​ដែនទឹកវៀតណាម​នេះបាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​លូតលាស់​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​វៀតណាម-អាមេរិក។

មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ​កិច្ចសហប្រតិបត្តិការ​វៀតណាម-អាមេរិកមានភាពស្អិតរមួតគួរឱ្យកត់សម្គាល់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor