
ស្វាយៀងៈ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកនិងស្លាកសញ្ញាក្បាលប្រសូតិខ្ទៀតមកខាងឆ្វេងដៃ រួចបុករះសំយាបផ្ទះពលរដ្ឋ និងបង្កាន់ដៃស្ពានបាក់ជាច្រើនកង់ កាលពីវេលាម៉ោង៥៖២០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថា នៅមុនពេកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿងបើកបរដោយឈ្មោះ ចាន់ វ៉ន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ បើកបរ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំគីរីមានជ័យ ស្រុកបរសែដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ដេកលក់មួយភាំង ក៏រេចង្កូចបុកចំពាក់កណ្តាលរនាំងចែកទ្រូងផ្លូវ លើស្ពានខ្ទៀតមកខាងឆ្វេង រថយន្តមិនទាន់អស់ល្បឿនបន្តបុករះសំយាបផ្ទះពលរដ្ឋ និងបង្កាន់ដៃបាក់ជាច្រើនកំណាត់ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីបង្កហេតុរួចមក សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានឃាត់អ្នកបើកបររថយន្ត យកទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីធ្វើការដោះស្រាយ ។
សូមបញ្ជាក់ផងដែរថា ស្ពានប្រសូតិនេះជារឿយៗ តែងតែមានរថយន្ត និងអ្នកធ្វើដំណើរជួបគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដោយសារស្ពានមានទំហំតូច៕




