
ប៉ៃលិនៈ ស្រ្តីម្នាក់ ដែលត្រូវជាម្ដាយ បានកាន់រូបថតកូនស្រីក្រមុំមកប្ដឹងសមត្ថកិច្ចឲ្យស្វែងរក ក្រោយពីកូនស្រី បានបាត់កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក។
អនុសេនីយ៍ឯក វ៉ន វាសនា មន្រ្តីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ក្មេងស្រីដែលបានបាត់ខ្លួននោះ ឈ្មោះ ឆោម សុធាវី អាយុ១៥ឆ្នាំ មុខរបរជាងអ៊ុតសក់ (នៅផ្សារសាលាក្រៅ) រស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមការបញ្ជាក់ពីម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលបាត់ខ្លួន មានគេឃើញកូនស្រីគាត់ទៅជាមួយមនុស្សស្រី (មិនស្គាល់ឈ្មោះ) ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ទំនងប្រហែលជាមិត្តភក្តិនឹងគ្នា ប៉ុន្តែមិនដឹងទៅទីណានោះទេ ទើបគាត់មកប្ដឹងសមត្ថកិច្ចឲ្យ ស្វែងរកតែម្ដង។
ម្ដាយក្មេងស្រីរងគ្រោះបន្តថា សម្ភារៈដែលនៅជាប់ខ្លួនក្មេងស្រីគាត់ មានដូចជា ជញ្ជៀន១វង់ ខ្សែដៃ១ខ្សែ និងខ្សែក១ខ្សែ៕
