Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ក្រោយលោក​ ឡាយ​ វណ្ណៈ​ ត្រូវរដ្ឋាភិបាលបញ្ចប់មុខតំណែងពីអភិបាលខេត្តតាកែវ​មិនបានប៉ុន្មានថ្ងៃផងនោះ​ ពេលនេះលោកនឹងបងប្រុសបង្កើត​ ត្រូវបានគេទម្លាយរឿងជាបន្តបន្ទាប់ ក្នុងនោះមានទាំងរឿងបទល្មើសព្រហ្មទណ្ឌ និងអំពើពុករលួយជាដើម​។

បន្ទាប់ពី ឡាយ​ វណ្ណៈ​ អភិបាលខេត្តតាកែវ​ ត្រូវរដ្ឋាភិបាលដកចេញពីតំណែង​ និងផ្ទេរមកកាន់ក្រសួងមហាផ្ទៃ​ ដោយគ្មានតួនាទីត្រឹមត្រូវ​ បងប្រុសរបស់លោកឈ្មោះ​ ឡាយ​ ធារិទ្ធ​ ដែលជាស្នងការរងនគរបាលខេត្តតាកែវ​ ទទួលបន្ទុកសេដ្ឋកិច្ច​ រួមនឹងមន្រ្តីជំនិតៗប្រមាណជិត១០នាក់​ ត្រូវបានថ្នាក់លើហៅទៅសួរនាំអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញករណីស្រ្តីម្នាក់ដែលគេអះអាងចងកសម្លាប់ខ្លួន​ នៅក្រុងដូនកែវ​ ក្រោយមកថ្នាក់លើក៏ឲ្យមកវិញ។

នៅពេលដែលសំណុំរឿងករណីចងកសម្លាប់ខ្លួនកំពុងតែដំណើរការស៊ើបអង្កេត​ ស្រាប់តែបងប្រុសលោក ឡាយ​ វណ្ណៈ​ ត្រូវបានគេទម្លាយរឿងថ្មីមួយទៀត​ ពាក់ព័ន្ធនឹងករណីទទួលសំណូកលុយល្បែងបញ្ជល់មាន់កូនប្រសារលោក ហ៊ុន​ សាន​ ឈ្មោះ​ ថៃ​ ផានី​ ហៅម៉ាប់អូស្រ្តាលី​ មុនពេលនាយក​រដ្ឋមន្រ្តីបញ្ជាឲ្យបង្រ្កាប។

យោងតាមឯកសារ​ ដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបាន​ លោក ឡាយ​ ធារិទ្ធ​ ធ្លាប់ទទួលសំណូកលុយល្បែងបញ្ជល់មាន់១ខែរាប់ពាន់ដុល្លារ​ ក្រោយមកសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យបង្រ្កាប រហូតបញ្ជាឲ្យបាញ់សម្លាប់លោក ថៃ​ ផានី ចោល​ ប្រសិនបើលោករារាំងចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបសង្វៀនបញ្ជល់មាន់នៅស្រុកបាទី​ ខេត្តតាកែវ​ និងនៅអរិយក្សត្រ​ ខេត្តកណ្តាល​ ប៉ុន្តែក្រោយមកលោក ថៃ ផានី ក៏បានចូលខ្លួន និងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា​ ក្រោយស្រ្តីមេម៉ាយកូនបី​ម្នាក់​ ឈ្មោះ​ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅបុរីប៉េងហួត ផ្លូវជាតិលេខ២ ដែលគេអះអាងថា​ បានចងកសម្លាប់ខ្លួន​នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ​ កាលពី​វេលាម៉ោង៧ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨​ ហើយនោះ​ ប៉ូលិសក្រសួងមហាផ្ទៃ ក៏បានបើកការស៊ើប​អង្កេត រហូតឈានដល់ការកោះហៅលោក​ ឡាយ​ ធារិទ្ធ​ និងមន្រ្តីប្រមាណជិត១០នាក់​ បន្ទាប់ពីលោក ឡាយ​ វណ្ណៈ​ ត្រូវដកចេញពីតំណែងអភិបាលខេត្តតាកែវ។​ លើសពីលោក​ ឡាយ​ វណ្ណៈ​ ក៏ត្រូវបានគេបង្ហើបថា​ អាចជាប់ពាក់ព័ន្ធនឹងការ​ស្លាប់ស្រ្តីមេម៉ាយរូបនោះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor