
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទោះបីជាថ្លែងមិនសំដៅចំឈ្មោះបុគ្គលមួយណាក៏ដោយ ប៉ុន្តែន័យនេះ សំដៅលើអតីតមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលបានស្នើសុំចរចាជាមួយសម្តេចនៅពេលសម្តេចចូលរួមកិច្ចប្រជុំនៅអូស្ត្រាលី ដោយសម្តេចបានលើកឡើងថា បញ្ឆេះកំហឹងពលរដ្ឋខ្មែរនៅអូស្ត្រាលីឲ្យដុតរូបសម្តេចហើយ បែរជាមកសុំចរចាជាមួយសម្តេចទៀត។
ក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាង៦០០នាក់ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ បានថ្លែងថា “គេចង់ចរចាជាមួយខ្ញុំ ក៏ប៉ុន្តែបែរជា គេដុតរូបខ្ញុំ តើឥឡូវមានប្រទេសហ៊ានមកនិយាយជាមួយខ្ញុំថា គួរតែចរចាទេ ខ្ញុំប្រើតែមួយម៉ាត់ទេ ចរចាអីបើដុតរូបខ្ញុំ”។
សម្តេចថា សង្រ្គាមកំពុងតែវាយគ្នាហើយ អត់មានការចរចាគ្នាទេ ហើយអតីតមេបក្សប្រឆាំងមិនសមមកចរចាជាមួយសម្តេចទេ។ សម្តេចបើកចំហបេះដូងចរចាជាមួយបក្សនយោបាយផ្សេងទៀតដែលត្រៀមខ្លួនចូលរួមប្រកួតប្រជែងបោះឆ្នោតនាពេលខាងមុខ។
សម្តេចតេជោ បានថ្លែងទៀតថា អ្នកដែលបញ្ឆេះកំហឹងពលរដ្ឋឲ្យដុតរូបសម្តេចនោះ គឺជាអ្នកវៃក្តារមឈូសខ្លួន និងធ្វើអត្តឃាតខ្លួនឯងប៉ុណ្ណោះ ព្រោះសម្តេចជាអ្នកកាន់កូនសោគន្លឹះ ដោយមិនអាចធ្វើអ្វីសម្តេចបានឡើយ៕
