
ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីមន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីកាប់ចិញ្ច្រាំស្រ្តីម្នាក់ រួចញាត់សពចូលក្នុងធុងទឹកកក ហើយយកទៅប្លុងចោលក្បែរស្ពានព្រែកតាមាក់ កាលពីប៉ុន្មានថ្ងៃមុន ពេលនេះត្រូវបានប៉ូលិសក្រសួងមហាផ្ទៃចាប់ខ្លួនបានហើយ។ ទោះជាបែបណាសមត្ថកិច្ចមិនទាន់មានការបញ្ជាក់លម្អិតពីដំណើរដើមទងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់ និងប្រមូលយកវត្ថុតាងបន្ថែមទៀត។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន CAM POST នៅរសៀលថ្ងៃទី១៨ មីនា នេះ មន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា “ជនសង្ស័យម្នាក់ ត្រូវប៉ូលិសក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបាន នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យនេះ ក្រោយពីមានការស្រាវជ្រាវ និងប្រមាញ់មួយរយៈ”។

បើតាមការបញ្ជាក់ពីមន្រ្តីប៉ូលិស ពេលនេះយើងធ្វើបានជោគជ័យមួយជំហានហើយ ប៉ុន្តែយើងមិនអាចនិយាយបានទេ ហើយកម្លាំងសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការនៅតំបន់ត្រពាំងឈូកបន្ថែមទៀត។
បើតាមការបញ្ជាក់ពីអធិការនគរបាលខណ្ឌសែនសុខលោក ហួរ ម៉េងវ៉ាង បានប្រាប់អង្គភាពសារព័ត៌មាន CAM POST នៅមុននេះថា សមត្ថកិច្ចពិតជាមានការឃាត់ខ្លួនជនសង្ស័យម្នាក់មែន ហើយជនសង្ស័យក៏បានសារភាព ប៉ុន្តែទោះជាបែបណាសមត្ថកិច្ចមិនទាន់មានការបញ្ជាក់មួយរយភាគរយនោះទេ ថាជនសង្ស័យជាជនដៃដល់ក្នុងករណីឃាតកម្មនេះតែម្នាក់ឯង បន្ទាប់ពីជនសង្ស័យបានអះអាងថា ខ្លួនធ្វើម្នាក់ឯង។
សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលឡើង និងគួរឲ្យរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យក្មេងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់សម្លាប់ទាំងអាក្រាតកាយ ហើយញាត់ចូលក្នុងធុងទឹកកកពណ៌ទឹកក្រូច យកមកផ្លុងទម្លាក់ចោល ថែមចាក់សោជាប់ផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០១៨នេះ នៅចំណុចជិតគល់ស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយមកសពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ច ឲ្យដឹងថា ឈ្មោះ យឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយបច្ចុប្បន្នសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរួចរាល់ហើយ៕





