Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ បុរសតណ្ហាក្រាស់ បានចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ បានសម្រេចចំនួន៥ដង ទើបបែកការដល់ម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

សមត្ថកិច្ច បានឲ្យដឹងថា យោងតាម​ពាក្យបណ្តឹងរបស់​ឈ្មោះ ស៊ឹង សុមឿន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ​  នៅភូមិបឹងស្មុគ  ឃុំស្វាយស  ស្រុកក្រគរ  ខេត្តពោធិ៍សាត់ ជាម្ដាយក្មេងរងគ្រោះ បាន​ប្តឹងឈ្មោះ ធៀង ធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  នៅភូមិបឺងស្មុក  ឃុំសា្វយស  ស្រុកក្រគរ ខេត្តពោធិ៍សាត់  ពីបទរំលោភសេពសន្ថវទៅលើកូនស្រី របស់គាត់  ឈ្មោះ រ.ច.ម អាយុ១០ឆ្នាំ ជនជាតិខ្មែរកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៤រសៀល នៅចំណុចក្នុងព្រៃជាប់ស្រែ តា  យឿន  ខាងកើតផ្ទះចម្ងាយប្រហែល ២៧០ម៉ែត្រ  ខណៈក្មេងស្រី​រងគ្រោះទៅផ្លាស់ក្របីនៅទីនោះ។

អធិការនគរបាលស្រុកក្រគរ លោក ឯម រុន បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង លោកនាយប៉ុស្តិ៍ស្វាយស បានរាយការមកលោក បញ្ជាកម្លាំង​ចុះទៅដល់កន្លែងកើតហេតុដើម្បីនាំខ្លួនជនសង្ស័យ មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលស្វាយស នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានសារភាពនោះទេ។

តាមការបំភ្លឺរបស់ក្មេងរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធៀង ធា បានធ្វើសកម្មភាពចាប់រំលោភមកលើរូបនាងចំនួន៥ដងហើយ ដោយនាង​មិនហ៊ានប្រាប់ម្តាយទេ ព្រោះខ្លាចគាត់វាយ តាំងពីលើកទី១រហូតដល់ទៅ៤ លើក ទើបលើកទី៥ បានបែកការដល់​ម្តាយរបស់នាងលួងលោមសួរទើបនាងប្រាប់ ម៉្យាងទៀតខ្លួនមានការភ័យខ្លាចពីការគំរាមកំហែងរបស់ជនសង្ស័យថា តែហ៊ានប្រាប់គេអញសម្លាប់ចោល ។

ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា  ការរំលោភចំនួន៤ដងនោះ នាងមិនចាំ ថ្ងៃ.ខែ.ឆ្នាំ ទីកន្លែងដែលជនសង្ស័យយកទៅរំលោភនោះទេ  ទើបតែលើកទី៥នេះទេ ទើបខ្លួនចាំថា នៅថ្ងៃទី២៤  ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល​ ខណៈនាង​បានទីផ្លាស់ក្របី ពេលនោះជនសង្ស័យបានបក់ដៃឲ្យ​នាងក៏ដើរទៅ  ជនសង្ស័យបាន​ចាប់ដៃនាងចូលក្នុងព្រៃម្តុំស្រែ តា យឿន  ហើយចាប់ស្រាតខោធ្វើសកម្មភាពរំលោភតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក  ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor