Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ រថយន្តដឹកទំនិញធុនយក្សមួយគ្រឿងរបស់ក្រុមហ៊ុនអេឡិចត្រូនិក សាំសុង (Samsung) បានត្រូវសមត្ថកិច្ចគយចំនួនពីរស្ថាប័ន ពោល គឺគយខេត្តសៀមរាប និងគយចល័ត ស្ទាក់ឃាត់ដើម្បីពិនិត្យទំនិញ បន្ទាប់ពីមានការសង្ស័យថា មិនបានបង់ពន្ធគ្រប់ចំនួនតាមលិខិតដឹកជញ្ជូន។ ប៉ុន្តែយ៉ាងណា ករណីឃាត់រថយន្តនេះ បានប្រទាញប្រទង់គ្នាយ៉ាងខ្លាំងអស់ជាច្រើនម៉ោង ដោយសាតែគយទាំងពីរស្ថាប័ននេះ មិនស៊ីសង្វាក់គ្នា ពោល គឺដណ្តើមគ្នាដេកកណ្តាល ឬដណ្តើមប្រយោជន៍។

ការឃាត់រថយន្តផ្ទុកទំនិញខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោយផ្សារក្នុងបុរី សៀងណាំ ស្ថិតក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ រថយន្តធុនយក្ស ដែលមានស្លាកលេខ ព្រះសីហនុ 3A-2816 ខាងលើនេះ មានការអះអាងពីព្រូឡានថា ដឹកសម្ភារៈអេឡិចទ្រូនិចម៉ាក សាំសុង មកពីស្រុកសំពៅលូន (ព្រំប្រទល់ប្រទេសកម្ពុជា-ថៃ) ក្នុងខេត្តបាត់ដំបង មកទម្លាក់នៅឃ្លាំងស្តុក ដែលជាកន្លែងកើតហេតុ។

ក្នុងពេលភ្លាមៗ នៅកន្លែងឃាត់រថយន្តខាងលើ សមត្ថកិច្ចគយទាំងពីរស្ថាប័ន នៅមិនទាន់ផ្តល់ព័ត៌មានលម្អិតនោះទេ។ តែខាងមន្ត្រីគយសាខាខេត្តសៀមរាប បញ្ជាក់ថា ដោយមានការសង្ស័យថា ទំនិញទាំងនេះ អាចមិនបានបង់ពន្ធគ្រប់ចំនួន ដូចតាមលិខិតដឹកជញ្ជូន។ ដូច្នេះចាំបាច់សមត្ថកិច្ចជំនាញត្រូវនាំយកទៅកាន់សាខាគយ ដើម្បីទម្លាក់ចុះ រាប់ពិនិត្យជាក់ស្តែង ព្រោះអីនៅទីនេះ(កន្លែងកើតហេតុ) មិនមានទីតាំងសម្រាប់ទម្លាក់រាប់នោះឡើយ។

ជាមួយនឹងការ ដែលគ្រោងនាំរថយន្តខាងលើ ទៅកាន់សាខាគយ ក៏ត្រូវបានបុរសម្នាក់ ក្នុងឯកសណ្ឋានខោជើងវែង ពាក់អាវយឺតវាលក្លៀក បើករថយន្តម៉ាក កាមរីបាឡែន របស់ខ្លួន ដែលមានស្លាកលេខ ភ្នំពេញ 2T-3050 មកដាក់ពាំងពីមុខរថយន្តទំនិញ ក្នុងបំណងរារាំងមិនឲ្យខាងគយខេត្ត អូសរថយន្តទំនិញនោះទៅកាន់កន្លែងរបស់ខ្លួន។ នៅពេលសួរថា ហេតុអ្វីទើបយករថយន្តរបស់ខ្លួន មកដាក់ពាំងពីមុខឡានទំនិញទៅវិញ? លោកជាម្ចាស់ទំនិញឬ? បុរសខាងលើឆ្លើយក្នុងជំហានដំបូងយ៉ាងខ្លីថា មកពីគយដកហូតលិខិតស្នាមរបស់រថយន្តទំនិញ ចឹងទើបពាំងកុំឲ្យយករថយន្តនេះចេញទៅបាន។

ក្នុងស្ថានការណ៍នេះ គេឃើញមានការជជែកគ្នាជាច្រើនម៉ោង ដោយបង្ហាញពីការប្រទាញប្រទង់ ដណ្តើមគ្នាយករថយន្តទំនិញខាងលើទៅកន្លែងរៀងៗខ្លួន រវាងគយចល័ត និងគយខេត្ត។ លុះពេលបន្ទាប់ក៏លេចធ្លាយថា បុរសដែលយករថយន្តរបស់ខ្លួនទៅពាំងឡានទំនិញនោះ ជាគិញសម្ងាត់របស់គយចល័ត។ បុរសរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា សាំង ។ ក្រោយពីមានការសម្របសម្រួល ទើបព្រមបើករថយន្តរបស់ខ្លួនចេញពីមុខរថយន្តទំនិញ។ ក្នុងគ្រានោះ រូបគាត់ផ្ទាល់ទម្លាយថា ពីមុនរូបគាត់ជាមន្ត្រីគយចល័ត តែឥឡូវបានឈប់ហើយ។

ក្រោយពេលគយសាខាខេត្ត នាំយករថយន្តទំនិញចាកចេញទៅ ក៏ធ្លាយព័ត៌មានថា ម្ចាស់រថយន្តបាឡែនខាងលើ ពេលខ្លះឃើញបើករថយន្តប្រដេញស្ទាក់ឃាត់រថយន្តដឹកទំនិញ តែពេលខ្លះ ក៏ឃើញបើករថយន្តនាំផ្លូវ និងការពាររថយន្តធុនធំផ្ទុកទំនិញទៅវិញ។ ករណីនេះ មហាជនលើកឡើងថា គាត់ជាអាវុធមុខពីរ ដៃម្ខាងចាប់ ដៃម្ខាងការពារ ដែលមានន័យថា បើម្ចាស់ទំនិញណាទាក់ទងសុំផ្លូវ ឬបង់ប្រាក់ជាជើង ឬប្រចាំខែនោះ គាត់នឹងជួយការពារនាំផ្លូវ តែបើមិនបានទាក់ទងទេ គឺចាប់។ ចំណែករថយន្តដឹកទំនិញធុនយក្សខាងលើនេះ អាចជារថយន្តដែលរូបគាត់នាំផ្លូវ ឬការពារ បើមិនចឹងទេ មិនមែនសុខៗ ត្រឹមឯកសណ្ឋានអាវយឺតវាលក្លៀក គាត់ហ៊ានយករថយន្តរបស់ខ្លួនមកពាំងរថយន្តល្មើស ដែលសមត្ថកិច្ចកំពុងបង្ក្រាបនោះទេ។

ជុំវិញប្រតិបត្តិការចាប់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន សាំសុង ខាងលើនេះ លោក កែវ រិទ្ធី អនុប្រធានគយ និងរដ្ឋករសាខាខេត្តសៀមរាប មិនផ្តល់ព័ត៌មានលម្អិតអំពីទំនិញទាំងនោះទេ ហើយក៏មិនដឹងថា រកឃើញមិនបង់ពន្ធមានប៉ុន្មានមុខ ហើយក្នុងមួយមុខមានប៉ុន្មានដែរ។ អនុប្រធានសាខា អះអាងតាមទូរស័ព្ទប្រាប់ Cam Post ថា សុំអ្នកកាសែតមកកាន់សាខា ទើបងាយស្រួលផ្តល់ទិន្នន័យ អំពីចំនួនមុខទំនិញ ដែលមាន និងអត់ច្បាប់។ ផ្ទុយទៅវិញពេលទៅដល់ រូបលោកបែរជាមិនជួបផ្តល់ព័ត៌មាននោះឡើយ។

ទោះជាបែបនេះ មន្ត្រីគយសាខាខេត្តក្នុងស្ថាប័នដដែលនេះ បង្ហើបប្រាប់ក្នុងលក្ខខ័ណ្ឌសុំមិនបង្ហាញឈ្មោះ បានឲ្យដឹងថា ក្នុងរថយន្តនោះ គេបានរកឃើញទំនិញមិនបានបង់ពន្ធប្រភេទម៉ាស៊ីនបោកខោអាវម៉ាក សាំសុង ជិត១០០គ្រឿង។ ឯទំនិញច្រើនមុខទៀត កំពុងផ្ទៀងផ្ទាត់នៅឡើយ តែអាចមានមិនបានបង់ពន្ធច្រើនមុខទៀត។ ប្រភពបន្តថា រាល់ទំនិញដែលដឹកពីកន្លែងផ្សេងៗ ចូលទៅកាន់តាមបណ្តាខេត្ត កម្រអាចមាននណាម្នាក់ បានដឹងច្បាស់ថា មានពន្ធ ឬអត់ ក្រៅពីសមត្ថកិច្ចគយនោះឡើយ។ រីឯការឃាត់ស្ទាក់ចាប់រថយន្តផ្ទុកទំនិញនីមួយៗ ក៏សមត្ថកិច្ចគយកម្រនឹងចាប់ឲ្យខុសនោះដែរ គ្រាន់តែថា គេអនុវត្តន៍ច្បាប់ ឬចរចារគ្នាក្រៅច្បាប់តែប៉ុណ្ណោះ។

ការដែលតម្រូវឲ្យអ្នកកាសែតទៅហើយ បង្ហាញអំពីការមិនសហការផ្តល់ព័ត៌មានរបស់អនុប្រធានសាខាគយខេត្តសៀមរាបនេះ គេមិនដឹងថា មានអាថ៌កំបាំងអ្វីនោះទេ។ តែសង្ឃឹមថា គ្រប់យ៉ាងនឹងមិនមានការលេបថ្នាំខុសទៅចុះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor