
រដ្ឋបាលខេត្តក្រចេះបដិសេធរឿងបាញ់សម្លាប់ប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្រចេះ។ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីប្រកាសព័ត៌មាន ដោយធ្វើការបដិសេធទាំងស្រុងចំពោះសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព បណ្តាញសារព័ត៌មាននានា និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចុះផ្សាយថា មានការប៉ះទង្គិះគ្នារវាងក្រុមការងារចម្រុះថ្នាក់ខេត្ត ជាមួយប្រជាពលរដ្ឋក្នុងជម្លោះដីធ្លី នៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ដែលបណ្តាលឱ្យស្លាប់ប្រជាពលរដ្ឋចំនួន០៦នាក់ និងរបួសចំនួន៤០នាក់ គឺជាព័ត៌មានមិនពិត។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ អាជ្ញាធរខេត្តសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រុងការងារចម្រុះបានចុះអនុវត្តការការពារសន្តិសុខ សុវត្ថិភាព និងកាយប្រឡាយព្រំដីក្រវាត់ផលប៉ះពាល់ទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានរំលោភយកដីធ្លី របស់ក្រុមហ៊ុនពីសំណាក់ជនមួយក្រុមតូច។ ចំពោះការប៉ះទង្គិះគ្នានោះគឺដោយសារជនមួយក្រុមនោះ បានប្រមូលគៀងគរគ្នាធ្វើការបិទផ្លូវជាតិលេខ៧៦ ក្រុមការងារបានធ្វើការសម្របសម្រួលសុំឱ្យបើកផ្លូវ ប៉ុន្តែពួកគាត់មិនព្រម ថែមទាំងប្រើព្រួញ ដបសាំង បាញ់និងគប់មកលើក្រុមការងារបណ្តាលឱ្យមានរបួសក្រុមការងារចម្រុះចំនួន៧នាក់ ពេលនោះក្រុមការងារចម្រុះក៏បានបង្ខំចិត្តផ្ទុះអាវុធឡើងលើដើម្បីការពារខ្លួន ក៏ដូចជាការពារសុវត្ថិភាពជូនក្រុមការងារទាំងមូល។
សេចក្តីប្រកាសព័ត៌មានដដែលនេះអះអាងថា ក្នុងហេតុការណ៍នេះ ពុំមានមនុស្សស្លាប់ទេ គឺមានតែរបួសចំនួន៩នាក់ ក្នុងនោះ ៧រូបជាសមត្ថកិច្ចនិងក្រុមការងារ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងក្រោយពីសារព័ត៌មាន ភ្នំពេញប៉ុស្តី បានចេញផ្សាយថា៖ យ៉ាងហោចណាស់ មានពលរដ្ឋចំនួន ៦ នាក់បានស្លាប់ និងជាង ៤០ នាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា នៅរសៀលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលការប៉ះទង្គិចគ្នានេះ បានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរ ដែលរួមមានទាហានប្រដាប់អាវុធប្រមាណជាង ៤០ នាក់ នៅភូមិ ១៩៦ ឃុំ ២ ធ្នូ ស្រុកស្នួល បន្ទាប់ពីមានការតវ៉ានៅក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរៃមួយ។ នេះបើយោងតាម លោកប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក និងយោងតាមពលរដ្ឋនៅកន្លែងកើតហេតុ។
ប៉ុន្តែសារព័ត៌មានទំនោរខាងរដ្ឋាភិបាលបានចេញផ្សាយ ថាពុំមានអ្នកស្លាប់និងរបួសដូចការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍។

