ភ្នំពេញៈ មហាជនដែលប្រើទូរស័ព្ទគ្រប់ប្រព័ន្ធនៅទូទាំង ខេត្ត ក្រុង រាជធានី បានរិះគន់យ៉ាងខ្លាំងទៅលើបណ្តាក្រុមហ៊ុនទូរស័ព្ទ Metfone, Smart, Cellcard ដោយសារតែម្នាក់ៗខំស្ទុះចង់ដាច់កជើងទៅលើកទូរស័ព្ទ នៅពេលឮសំឡេងរោទ៍ ស្មាន់តែសាច់ញាតិ ឬកន្លែងដាក់ស៊ីវីគេខលហៅចូលធ្វើការ...មានអីខំបើកភ្នែកធំៗមើលលេខ ឃើញហួសចិត្តហ្មង លេខខាងក្រុមហ៊ុនទូរស័ព្ទ ប្រម៉ូដពាណិជ្ជកម្មវាសោះ ! យ៉ាប់មែន! រំខានទាំងយប់ រំខានទាំងថ្ងៃហ្មង រកតែដេកពួនមិនបាន ងាករោទ៍ៗ។
មហាជនបានរិះគន់ទៀតថា រាល់ៗថ្ងៃ មិនថាយប់ មិនថាថ្ងៃ សំឡេងរោទ៍របស់ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ រោទ៍ឡើងយ៉ាងហោចណាស់ក៏៥ដងដែរ។ រោទ៍ម្តងៗពួកគេស្ទុះស្ទាលើកមើល ក្រែងមានបងប្អូនសាច់ញាតិណា ឬអ្នកធ្វើការណាខលមក មានការអី ខំបើកភ្នែកធំៗមើលលេខ ខកចិត្តហ្មង ឃើញលេខអា៣ខ្ទង់(123 ) អា៤ខ្ទង់(6175 ) របស់ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ ប្រម៉ូដពាណិជ្ជកម្ម ឱ្យភ្ជាប់នេះ ភ្ជាប់នោះ ស្តាប់នេះ ស្តាប់នោះ របស់វាមិនចេះស្វាងហ្មង រកតែសម្រាក ដេកពួនមិនបាន។
មហាជនបានរិះគន់ទៀតថា រាល់ថ្ងៃនេះ គ្រប់ប្រព័ន្ធសេវាទូរស័ព្ទ ពិបាកប្រើណាស់ ។ បើខលនិយាយគ្នាយូរបន្តិចក្រុមហ៊ុនផ្តាច់បាត់។ ប្រព័ន្ធសេវារអាក់រអួល ហើយបើនិយាយពីអិនធើណេតរបស់ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ សែនមហាយឺត មើលហ្វេសប៊ុក មិនកើត សេវានៅវិលដូចសត្វកណ្តេះឡង់ អ៊ីចឹង។
មហាជន រិះគន់ទៀតថា "ក្រុមហ៊ុនទូរស័ព្ទធំៗ៣ខាងលើនេះ ខ្លះទិញកាតយកមកបញ្ចូលលុយហើយ មិនទាន់បានខលផង អស់ទឹកលុយបាត់ ស៊ីម៉ែអាស៊ីហ្មង" ។
មហាជនបានលើកឡើងថា ក្រុមហ៊ុនទូរស័ព្ទ Metfone. Smart និង Cellcard ស៊ីលុយពីអ្នកប្រើប្រាស់សេវាប្រព័ន្ធខ្លាំងណាស់ កាត់លុយឆៅៗហ្មង។ រីឯប្រព័ន្ធដូរលុយវិញ ម្នាក់ៗមានទឹកលុយក្នុងប្រព័ន្ធដូរលុយរាប់រយដុល្លារ ខ្លះដល់ខ្ទង់ពាន់ដុល្លារឯណ្ណោះ តែខលអត់ចេញហ្មង។ ហើយលុយនោះ ក៏មិនអាចដូរយកអ្វីប្រើការកើតនោះទេ ពោលគឺក្រុមហ៊ុនឱ្យតួលេខទឹកលុយខ្យល់តែប៉ុណ្ណោះ។
អ្នកប្រើប្រាស់បណ្តាញប្រព័ន្ធទូរស័ព្ទទាំងបីក្រុមហ៊ុនខាងលើនេះ បានសូមណូមពរដល់ក្រុមហ៊ុនគួរតែបញ្ឈប់ ការខលរំខាន ទាំងយប់ទាំងថ្ងៃបែបនេះ ហើយកុំស៊ីលុយឆៅៗពេក អ្នកប្រើសេវារកលុយទិញកាតបញ្ចូលទឹកលុយមិនទាន់ទេ ។
មហាជនបានសូមពរឱ្យរាជរដ្ឋាភិបាល ពិសេសក្រសួងប្រៃសនីយ៍ ជួយពិនិត្យលើការប្រើប្រាស់សេវារបស់ក្រុមហ៊ុនខាងលើនេះផង ដើម្បីឱ្យមហាជនអ្នកប្រើប្រាស់សេវា មានទំនុងចិត្តលើក្រុមហ៊ុន ព្រោះសព្វថ្ងៃនេះស៊ីលុយខ្លាំងណាស់ ៕

