header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ អតីតព្រះសង្ឃឈ្មោះ ម៉ា រី ដែលនាយករដ្ឋមន្រ្តី ចាត់ទុកថា ជាសង្ឃក្លែងក្លាយ ពេលនេះ ត្រូវប៉ូលិសខេត្តកំពត ចាប់ខ្លួនបានហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាជាសាធារណៈកាលពីព្រឹកមិញ។

ស្នងការ​នគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ប្រាប់ CAM POST ថា ការចាប់ខ្លួនអតីតព្រះសង្ឃរូបនោះ មិនមែនជាការចាប់ខ្លួនទេ ពោលគឺជាការអញ្ជើញហៅគាត់មកសាកសួរប៉ុណ្ណោះ ហើយចំណាត់ការដោះលែង ឬបញ្ជូនខ្លួនទៅតុលាការនោះ សមត្ថកិច្ចមិនទាន់លម្អិតនៅឡើយទេ ដោយរង់ចាំការសាកសួរឲ្យច្បាស់លាស់សិន។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ឯក ឆេងហួត នៅព្រឹកថ្ងៃពុធ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា អតីតព្រះសង្ឃឈ្មោះ ម៉ា រី ដែលសឹកកាលពីមួយខែមុន ពេលនេះ ត្រូវប៉ូលិសខេត្តកំពតចាប់បានហើយ នៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី បានចេញបញ្ជាជាសាធារណៈក្នុងជំនួបជាមួយកម្មករជាង១ម៉ឺននាក់ កាលពីព្រឹកមិញ។

សូមបញ្ជាក់ថា ក្នុងជំនួបជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអភិបាលខេត្តកែប លោក កែន សត្ថា ត្រូវស្រាវជ្រាវរក ព្រះសង្ឃក្លែងក្លាយឈ្មោះ ម៉ា រី ដែលជាលោកសង្ឃទើបតែបួស ឲ្យរកឃើញ ហើយសម្តេចថា ប៉ុន្តែប្រហែលជាមិនមែនលោកសង្ឃ ពិតប្រាកដនោះទេ ព្រោះដើរនិយាយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។

សម្ដេច ហ៊ុន សែន ថា សង្ឃឈ្មោះ ម៉ា រី ទើបតែបួស ខ្ញុំបញ្ជាឲ្យរកអាម្នាក់ហ្នឹង ផ្តាំទៅកុំនិយាយ កុំដើរចល័ត កុំនិយាយផ្តេសផ្តាស កុំធ្វើ គេដឹកនាំប្រទេស គ្មានចារកម្មនោះ នេះលោកសង្ឃពិតប្រាកដ ឬមិនពិតប្រាកដ តាមរកអាមួយហ្នឹង តាមរកអាមួយ កែន សេដ្ឋា អភិបាលខេត្តកែប លោកសង្ឃពិតប្រាកដ។ តែអានេះភូតមហាភូត ទាក់ទងទៅពីណាក៏ភូត ថា ចឹងស្អីលួចស្តាប់គេ បច្ចេកវិទ្យាគេផោម ដឹងហើយ 

សម្ដេចតេជោ អះអាងទៀតថា គ្មានអ្នកណានៅលើលោកនេះហ៊ានចាប់ ហ៊ុន សែន សាកលមើលទៅ មនុស្សស្រុកខ្មែរពូកែភូត ខ្ញុំផ្តាំទៅអាម្នាក់ កុំឲ្យភូតច្រើនពេក ប្រយ័ត្នប្រយែង។ យើងស្គាល់លោកឯង កុំហួសហេតុពេក

បើយោងទៅតាមការបញ្ជាក់ពីព្រះរាជអាជ្ញា ឯក ឆេងហួត អតីតព្រះសង្ឃ ឈ្មោះ ម៉ា រី កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៤៤ មានស្រុកកំណើតនៅភូមិកោះចំការ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងមានទៅលំនៅបច្ចុប្បន្នក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានឪពុកឈ្មោះ សុខ សៀន (ស្លាប់) និងម្ដាយឈ្មោះ សុខ ខាត់ (ស្លាប់) ។

របាយការណ៍បញ្ជាក់ទៀតថា លោក ម៉ា រី មានប្រពន្ធឈ្មោះ គង់ លាន កើតនៅថ្ងៃទី៩ សីហា ឆ្នាំ១៩៥០ បច្ចុប្បន្នបួស​ជាដូនជី ស្នាក់អាស្រ័យនៅវត្តព្រៃតាកុយ មានស្រុកកំណើត​នៅភូមិអូរដូង ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត ។ លោក ម៉ា រី មានកូន៥នាក់ ក្នុងនោះមានស្រី៣នាក់ ទី១ឈ្មោះ ម៉ា អាន ភេទស្រី កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧២ មុខរបរបម្រើការងារតាមផ្ទះប្រទេសថៃ ទី២ឈ្មោះ ម៉ា អេង ភេទស្រី កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៨០ មុខរបរកសិករ រស់នៅក្នុងភូមិឃុំជាមួយឪពុក ទី៣​ឈ្មោះ ម៉ា ទិត្យ ភេទប្រុស កើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨២ មុខរបរកម្មករនេសាទនៅខេត្តព្រះសីហនុ ទី៤ ឈ្មោះ  ម៉ា ចាន់ ភេទប្រុស កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៨៩ មុខរបរកម្មករនេសាទនៅខេត្តព្រះសីហនុ និងទី៥ ឈ្មោះ ម៉ា ពៅ ភេទស្រី កើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩០ មុខរបរកសិករ។

របាយការណ៍លោកព្រះរាជអាជ្ញាបន្តខ្លឹមសារទៀតថា នៅឆ្នាំ១៩៩៣ លោក ម៉ា រី ជាសមាជិកគណបក្សហ៊ុនស៊ិនប៉ិច លុះដល់ឆ្នាំ២០០៣ លោក ម៉ា រី បានចូលជាសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិជាមួយលោក ឈួក រីន អតីតមេខ្មែរក្រហមភ្នំវល្លិ៍។

បើតាមការបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍ដដែល លោក ម៉ា រី បួសជាព្រះសង្ឃនៅថ្ងៃទី១៣ មេសា ២០១៥ នៅក្នុងវត្តមនោរម្យទួលសាងាំ ស្ថិតក្នុងស្រុកដំណាច់ចង្អើរ ខេត្តកែប រហូតមួយខែមុនការចាប់ខ្លួននេះ លោក ម៉ារី បានសឹកពីព្រះសង្ឃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post