
ភ្នំពេញៈ កម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានចុះទៅឃាត់ខ្លួនជនជាតិ៦នាក់ នៅចំណុចផ្ទះលេខ០១៥ ផ្លូវ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម (ជនជាតិចិនដូចគ្នា)។
សមត្ថកិច្ច បានឲ្យដឹងថា មុននឹងឈានដល់ឃាត់ខ្លួនជនជាតិចិនទាំង៦នាក់នេះ គឺនៅវេលាកើតហេតុ មានប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុខាងលើ បានឃើញជនរងគ្រោះ(ជនជាតិចិន) អើតចេញតាមបង្អួចផ្ទះ លើកដៃជាប់ចំណងជ័រខ្សែរឹតសំពះឲ្យជួយ ពេលនោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ឆែកឆេរផ្ទះកើតហេតុខាងលើ រកឃើញជនជាតិចិនសរុបទាំងអស់១១នាក់ (ប្រុស) ធ្វើការសាកសួរជំហានដំបូងរកឃើញជនសង្ស័យ៦នាក់ ជាអ្នកមើលការខុសត្រូវក្នុងផ្ទះនោះ និងរកឃើញជនរងគ្រោះ៥នាក់ មានស្នាមរបួសលើខ្នង និងមុខ ដែលជនសង្ស័យធ្វើទារុណកម្មយករំពាត់ឈើវាយលើខ្នង និងវាយមុខជនរងគ្រោះ ហើយយកខ្សែជ័រចងដៃ និងចងជើងខ្លះទៅឃុំខ្លួនក្នុងបន្ទប់ម្នាក់មួយ ពេលនោះសមត្ថកិច្ចយើងចូលទៅឆែកឆេរ ជនសង្ស័យ ក៏បានកាត់ខ្សែជ័រចំណងដៃ-ជើងឲ្យជនរងគ្រោះចុះមកនៅខាងក្រោមជាធម្មតាវិញ។

សមត្ថកិច្ច បន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនរួមមាន ៖ ខ្សែចំណងជ័រមិនទាន់ប្រើ១ដុំ, ខ្សែចំណងជ័រប្រើរួចមួយចំនួន, Ipaid ១គ្រឿង, កុំព្យូរទ័រលេបថប ០១កំប្លេ, ទូរស័ព្ទដៃ០៩គ្រឿង ( iPhone ៧គ្រឿង, Oppo ០២គ្រឿង), លុយចំនួន៧០ដុល្លារ, លុយខ្មែរ ៣ម៉ឺនរៀល និងកូនសោរ ២ចង្កោម។

ជនរងគ្រោះទាំង៥នាក់ ទី១-ឈ្មោះ Wang Kun ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ គ្មាន។ ២-ឈ្មោះ Zov Chong Yan ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរគ្មាន។ ៣-ឈ្មោះ Liu Ya Zhou ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន។ ៤-ឈ្មោះ Wang Xing Ang ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ គ្មាន។ ៥-ឈ្មោះ Li Jao Ping ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ចំណែកជនសង្ស័យទាំង៦នាក់ ១-ឈ្មោះ Jiang Cheng Cheng ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ២-ឈ្មោះ Ta Xing ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៣-ឈ្មោះ Hnny Xiao Hony ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៤-ឈ្មោះ Xu Hao ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៥-ឈ្មោះ Cheng Kun ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ៦-ឈ្មោះ Niu Yang ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។ ជនជាតិចិនទាំង១១នាក់ខាងលើ ស្នាក់នៅបណ្តោះអាសន្ននៅផ្ទះលេខ០១៥ ផ្លូវ ៣៦៩ ភូមិចំពុះ ក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងពុំមានលិខិតឆ្លងដែនទាំងអស់។
បច្ចុប្បន្នជនជាតិចិនទាំង១១នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










