Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ​ ត្រូវបានគេនិយាយថា​ សម្បូររឿងច្រើនជាងគេ មានទាំងការសម្របសម្រួលជំនួសតុលាការ​ អ្នកទោសលួចរត់ពីកន្លែងឃុំខ្លួន​  ហើយនឹងករណីទទួលសំណូកប្រយោជន៍ប្រចាំខែ​​ ប៉ុន្តែ​ត្រង់ចំណុចនេះ​ ត្រូវបានលោកអធិការបដិសេធ​ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា​ ពិតជាមានការសម្របសម្រួលរឿងខ្លះមែន។

ថ្លែងបញ្ជាក់ប្រាប់​ អង្គភាពសារព័ត៌មាន​ CAM POST កាលពី​រសៀលថ្ងៃទី៣០ មីនា ២០១៨​ អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ​ បានឲ្យដឹងថា​ លោកសប្បាយចិត្តដែលគេចោទថា លោកជាអ្នកដើរសម្របសម្រួលជំនួសតុលាការ​ ពីព្រោះលោកជាមនុស្សស្អាតស្អំ​មិនដែលបំពានច្បាប់ឡើយ។​ ប៉ុន្តែលោកក៏ទទួលស្គាល់ថា​ កន្លងមកលោកពិតជាបានសម្របសម្រួលខ្លះមែន​ ក្នុងករណីថ្នាក់លើ ឬតុលាការឯកភាព។

ជាក់ស្តែងថ្មីៗនេះមានរឿងថ្មីមួយទៀត​ គឺករណីជាប់សង្ស័យថា រំលោភក្មេងស្រី អាយុ៨ឆ្នាំ​ រឿងនេះ ត្រូវប៉ូលិសចាប់ខ្លួនជនសង្ស័យ​ ប៉ុន្តែក្រោយមកជនសង្ស័យក៏បានលួចរត់ចេញពីកន្លែងឃុំខ្លួនក្នុងអធិការដ្ឋាននគរបាលស្រុកកូនមុំ​ បន្ទាប់មកក៏ត្រូវចាប់បានមកវិញ​។

ជនសង្ស័យម្នាក់​ ឈ្មោះ សំ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី​ ត្រូវនគរបាលចាប់ឃាត់ខ្លួន នៅម៉ោង៣រសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី​ ពាក់ព័ន្ធករណីរំលោភសេពសន្ថវលើក្មេងស្រីឈ្មោះ ក.ច.ត អាយុ៨ឆ្នាំ ។

តាមប្រភពព័ត៌មានច្បាស់ការបានឲ្យ CAM POST ដឹងថា មកទល់នឹងពេលនេះ មាន៤ករណី រួចមកហើយ ដែលគេបានទម្លាយថា មានជនសង្ស័យបានលួចរត់ចេញពីមន្ទីរឃុំឃាំងនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ។

ប្រភពបានបន្តថា មានរឿងថ្មីមួយទៀតហើយ ចាប់បានជនសង្ស័យករណីរំលោភក្មេងស្រីអាយុ៨ឆ្នាំ មិនទាន់គ្រប់អាយុនៅឡើយ ត្រូវបានលួចរត់ចេញពីមន្ទីរឃុំឃាំង កាលពីយប់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ មីនានេះ​ ប៉ុន្តែត្រូវចាប់បានមកវិញនៅម៉ោងជាង១១ថ្ងៃត្រង់​។

លោក ភោគ បូរិទ្ធ បន្តថា​ ក្រោយឃាត់ខ្លួនជនសង្ស័យដាក់ខ្នោះជើង​ រូបគេក៏បានរត់គេចខណៈមន្រ្តីប៉ូលិសដោះដូរ ឬបន្ធូរខ្នោះ​ តែត្រូវចាប់បានមកវិញ។

តាមការបំភ្លឺពីក្មេងរងគ្រោះថា ជនសង្ស័យបានរំលោភចំនួន៣ខែកន្លងមកហើយ បានចំនួន៤ដង(សម្រេច) ប៉ុន្តែក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយនោះទេ ទើបដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង៣រសៀល ទើបបានប្រាប់ម្តាយ ភ្លាមនោះម្តាយបានតេទៅនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាគេបានចាប់រំលោភកូនស្រីរបស់ខ្លួន បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ផ្ទះជនរងគ្រោះនិងធ្វើការបំភ្លឺពីក្មេងស្រីរងគ្រោះហើយបានតាមចាប់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor